(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានទទួលស្គាល់ចំពោះថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយលោកលើកឡើងថា «នេះជាការពិត»។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងជំនួបសម្តាត់ជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅពេលលោកមកបំពេញបេសកកម្មរយៈពេល៣ខែ នៅកម្ពុជា។

នៅក្នុងសំឡេងសន្ទនារយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ បានលើកសរសើរមន្រ្តីគណបក្សប្រជាជនកម្ពុជា២រូប នោះគឺលោក គាត ច័ន្ទថារិទ្ធ និង លោកស្រី ឃួន សុដារី។ ជាមួយគ្នានេះ លោកបានលើកឡើងនូវការកោតសរសើរចំពោះមេដឹកនាំ សម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដែលទទួលស្គាល់ថា «នេះជាការពិត»

លោក ជុន ច័ន្ទបុត្រ បានលើកឡើងថា «ពូបានស្តាប់លឺការដែលគេសរសើរកូនលោក ហ៊ុន សែន ស្ទើរតែទាំងអស់ជាការពិត មេដឹកនាំតែ២នាក់ក្នុងចំណោម CPP គេសរសើរ លោក ហ៊ុន សែន ជាងជាពិសេសក្មួយ ម៉ាណែត ប៉ុន្តែក្មួយដែលលឺទេ "ជាការពិតណាស់ អត់មានជាការលាក់កំបាំងអីទេ" So, I wish I will could ជជែកគ្នាម្តង ហើយដូចពូនិយាយអញ្ចឹង ប្រើប្រាស់ទៅ ដើរខ្លះទៅ ហើយចេញចូលអាស៊ីសេរីទៅឱ្យពួកហ្នឹងស្គាល់ទៅ»

សំឡេងសន្ទនាដ៏សម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ត្រូវបានទម្លាយជាបន្តបន្ទាប់ ដើម្បីលាតត្រដាងការពិត បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានបំភ្លៃការពិតតាមរយៈការសរសេរនៅលើ Blog របស់លោក វាយប្រហារមកលើ លោក ហ៊ុន ម៉ាណែត ដោយសារតែមានការខឹងសម្បារមិនបានអន្តរាគមន៍ ជួយលោកនៅពេលតុលាការចោទប្រកាន់។

លោក ជុន ច័ន្ទបុត្រ បានចូលមកប្រទេសកម្ពុជា ជាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។ ទោះជាយ៉ាងនេះក្តី លោក ជុន ច័ន្ទបុត្រ ទំនងជាត្រូវបានមេរបស់ខ្លួនចាត់តាំងឱ្យបន្លំលួចចូលពន្ធនាគារ តាមរយៈអតីតសមាជិកគណបក្សប្រឆាំងមួយចំនួន ដើម្បីស៊ើបការណ៍នៅទីនោះ ដែលករណីនេះហើយ បានក្លាយជាកំហុសព្រហ្មទណ្ឌ ធ្វើឱ្យលោកត្រូវបានតុលាការចោទប្រកាន់ រហូតដល់រត់ភៀសខ្លួនជាបន្ទាន់ពីប្រទេសកម្ពុជា។

មុនពេលចេញពីកម្ពុជា លោក ជុន ច័ន្ទបុត្រ ធ្លាប់ឆាតទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំជួយអន្តរាគមន៍មិនឱ្យតុលាការចោទប្រកាន់លោក ឬអនុវត្តនីតិវិធីផ្សេងៗ ប៉ុន្តែសម្រាប់លោក ហ៊ុន ម៉ាណែត ករណីនេះលោកជំរុញឱ្យលោក ជុន ច័ន្ទបុត្រ កុំមានការភ័យខ្លាច ហើយចូលរួមអនុវត្តតាមនីតិវិធីតុលាការផងដែរ។ នេះបើតាម លោក រដ្ឋា វិសាល ដែលជាសាក្សីសំខាន់ក្នុងជំនួបសម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និង លោក ហ៊ុន ម៉ាណែត៕