(បន្ទាយមានជ័យ)៖ ពលករខ្មែរប្រុសស្រីចំនួន ៧នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃឃាត់ខ្លួនបានត្រង់ចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត ក្នុងពេលពួកគាត់ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ទាំងប្រថុយប្រថាន។

ពលករខ្មែរទាំង៧នាក់នោះ មានប្រុស ២នាក់ ស្រី ៤នាក់ និងកុមារាម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃនៃកងរយ ១២០៥ សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញ ចាប់ខ្លួននាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។

យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃមួយបានចុះផ្សាយថា ប្រជាពលរដ្ឋទាំង៧នាក់នេះបានប្រាប់សមត្ថកិច្ចថៃថា ដោយសារក្នុងសម័យកូវីដ-១៩នេះ ពួកគេគ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបង្ខំចិត្តលួចឆ្លងដែនដោយខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅចំណុចផ្សាររុងក្លឿ។

ក្រោយឃាត់ខ្លួនប្រជាពលរដ្ឋទាំង៧នាក់នេះ គេយកទៅបន្ទាយទាហានកងរយ ១២០៥ ដើម្បីសាកសួរនាំបន្ត ពួកគេបានឆ្លើយប្រាប់សមត្ថកិច្ចថៃថា ពួកគេបាននាំគ្នាឆ្លងដែនទៅរកការងារធ្វើតាមច្រករបៀងអូបីជាន់ ត្រូវបានយោធាឈរជើងនៅព្រំដែនយកលុយថ្លៃផ្លូវទៅក្នុងស្រុកថៃ ២០០០បាត មកកម្ពុជាវិញគេយក ២០០០បាតដែរ៕