(ស្វាយរៀង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី២៦ ក្នុងគោលបំណងរកប្រភពធនធានបន្ថែមសម្រាប់យកទៅសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ខណៈចំណូលបានពីការលក់ឆ្នោតនេះ បានរួមចំណែកយ៉ាងច្រើនដល់សកម្មភាពមនុស្សធម៌។

លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ បានឱ្យដឹងថា ការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍នៅថ្ងៃនេះ ជាលើកទី២៦ហើយ គិតចាំពីឆ្នាំ២០១០មក ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដំណើរការចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ ដោយផ្អែកតាមយុទ្ធសាស្រ្តនៃវិស័យស្នូលទាំង៤ នៃកាកបាទក្រហមកម្ពុជា។

លោកស្រីថា សេវាកម្មលក់សន្លឹកឆ្នោតនេះ ផ្តល់ជារង្វាន់វត្ថុអនុស្សវរីយ៍លើកទឹកចិត្តការធ្វើវិភាគទាន តាមរយៈការជាវសន្លឹកឆ្នោត ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ និងទីទ័លក្រនៅតាមសហគមន៍។

លោកស្រី បានសំដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រិយមិត្តជិតឆ្ងាយទាំងអស់ ដែលតែងតែជួយគាំទ្រក្នុងការជាវសន្លឹកឆ្នោត ក្នុងគោលបំណងចូលរួមចំណែកធ្វើវិភាគទានតាមលទ្ធភាព។ ទោះតិច ឬច្រើនក្តី តែនេះជាឆន្ទៈផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ផង និងផ្សងសំណាងយករង្វាន់ផង ដែលនេះជាកាយវិការដ៏ល្អប្រពៃគួរឲ្យកោតសរសើរ និងមានមោទនភាពណាស់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

លោកស្រីបានបញ្ជាក់ថា ជានិច្ចកាលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអនុវត្តតាមមគ្គុទ្ទេសក៍ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការសាខា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍធនធាន បង្កើតការស្វែងរកប្រភពចំណូលផ្សេងៗទាក់ទងទៅនឹងតម្រូវការជាក់ស្តែង ស្របតាមសកម្មភាពមនុស្សធម៌ បានជាសាខារកឃើញ និងដំណើរការដែលទទួលបានជោគជ័យនូវការបោះពុម្ភ និងលក់សន្លឹកឆ្នោត ជាលទ្ធផលប្រយោជន៍រង្វាន់ត្រូវបានទៅលើអតិថិជនមានសំណាង និងថវិកាដែលទទួលបានពីសេវាកម្មនេះសម្រាប់ផ្តល់ជូនទៅអនុសាខាទាំង៨ ក្រុង-ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន។

បន្ទាប់ពីបើកលក់សន្លឹកឆ្នោតរយៈពេល៣០ថ្ងៃនៅតាមក្រុង-ស្រុករួចមក ជាលទ្ធផលរង្វាន់ធំរថយន្ត KIA Morning ស៊េរីឆ្នាំ២០០៧ បានទៅលើពលរដ្ឋនៅស្រុកកំពង់រោទិ៍ចំនួន ១ គ្រឿង និង ១ គ្រឿងទៀតបានទៅលើពលរដ្ឋនៅស្រុករមាសហែក។ រង្វាន់ម៉ូតូកង់បីចំនួន ១ គ្រឿង បានទៅបុគ្គលិកធនាគារជាតិ រីឯម៉ូតូ HONDA WAVE ស៊េរី ២០២០ បានទៅលើពលរដ្ឋនៅក្រុងស្វាយរៀង ១ គ្រឿង និង ១ គ្រឿងទៀតបានទៅលើរដ្ឋនៅស្រុករំដួល ព្រមទាំងរង្វាន់មួយចំនួនទៀតត្រូវបានបើកជូនជាបន្តបន្ទាប់នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕