(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជន បន្ដបញ្ជូនភ្នាក់ងារសន្ដិសុខរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលជំនាញសន្ដិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាព សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី២៨ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ហេតុផលនៃការបណ្ដុះបណ្ដាលបំប៉នជំនាញនេះ គឺដើម្បីពង្រឹងសមត្ថភាព និងដើម្បីឲ្យតាមទាន់នូវអ្វីដែលជាការរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានសម្ដែងនូវការកោតសរសើរ និងផ្ដាំផ្ញើដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលទើបទទួលបានការបណ្ដុះបណ្ដាលនេះ ដូចខាងក្រោម៖

* ស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងពីការសិក្សានេះទៅពង្រីក និងផ្សព្វផ្សាយដល់សហសេវឹករបស់ខ្លួន ដើម្បីអនុវត្តក្នុងការបំពេញការងាររបស់ខ្លួន នៅតាមក្រុមហ៊ុន និងគ្រឹះស្ថាននានា

* ចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសរួមគ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចេញគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមចំណែកទប់ស្កាត់បទល្មើសដែលកើតឡើងនៅមូលដ្ឋាន

* ត្រូវខិតខំពង្រឹងបន្ថែមនូវសមត្ថភាពវិជ្ជាជីវៈជំនាញ គោរពបាននូវលក្ខណៈសម្បត្ដិ ជាភ្នាក់ងារសន្ដិសុខឯកជន ដែលជាទំនុកចិត្តរបស់អតិថិជន បង្កើនបាននូវជំនឿជឿជាក់ និងលើកកម្ពស់សេចក្ដីថ្លៃថ្នូរក្នុងមុខងារដែលខ្លួនបំពេញ

* ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ដោយត្រូវធ្វើខ្លួនជាពលរដ្ឋល្អ មហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវរាយការណ៍នូវបទល្មើសដែលបានកើតឡើងភ្លាមៗ ទៅកាន់សមត្ថកិច្ច និងសហការល្អ ឆ្លើយតបទាន់ពេលវេលា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានស្នើនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ជំរុញឲ្យបន្ដបើកវគ្គបំប៉នជំនាញ ជាបន្ដបន្ទាប់ទៀត ហើយក្នុងកាលៈទេសៈនេះ ក៏ត្រូវគិតពីសុវត្ថិភាព និងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ផងដែរ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្ប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បើទោះបីរយៈពេលនៃវគ្គសិក្សានេះត្រឹម២ថ្ងៃ ប៉ុន្ដែសិក្ខាកាមបានទទួលនូវមេរៀនដែលរៀបចំចងក្រងដោយយកចិត្តទុកដាក់ ក្នុងនោះផ្ដោតទៅលើមេរៀន ដូចជា៖

ទី១៖ តួនាទី និងភារកិច្ចភ្នាក់ងារសន្ដិសុខឯកជន, ទី២៖ វិធីសាស្ដ្រការពារគោលដៅ, ទី៣៖ វិធានការណ៍ពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ, ទី៤៖ កិច្ចសហការជាមួយភ្នាក់ងារសន្ដិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, ទី៥៖ ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ភ្នាក់ងារសន្ដិសុខ ឯកជន, ទី៦៖ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុរបស់ភ្នាក់ងារសន្ដិសុខឯកជន, ទី៧៖ ពិនិត្យ និងវិភាគកន្លែងកើតហេតុ និងឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក៕