(ព្រៃវែង)៖ ស្ត្រីម្នាក់ បានចាក់សម្លាប់ប្តីជាមួយនឹងដែកដាប់ថ្មបណ្តាលឱ្យស្លាប់ភ្លាមៗ ដោយសារតែខឹងប្តីវាយកូន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៥០នាទីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២០ ចំណុចលើផ្លូវលំស្ថិតនៅភូមិក្តាមពុក ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមលោកអធិការស្រុកព្រះស្ដេច បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង ឱ្យដឹងថា ជនសង្ស័យឈ្មោះសោម ស៊ីម៉ាក់ អាយុ៣៥ឆ្នាំ នៅភូមិក្តាមពុក ឃុំសេនារាជឧត្តម បានយកដែកដាប់បេតុង ចុងស្រួចប្រវែង៣តឹក ចាក់ទៅលើប្តីឈ្មោះ អ៊ុន លី អាយុ៤៨ឆ្នាំ ចំបំពង់ក១កន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

អធិការស្រុកព្រះស្តេច បានបញ្ជាក់ថា មូលហេតុ គ្រួសារនេះស្រវឹងខួបទាំងប្តីទាំងប្រពន្ធ ហើយមានទំនាស់គ្នាទើបកើតជាអំពើចាក់សម្លាប់គ្នាតែម្ដង។

បច្ចុប្បន្ននេះ សាកសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍រដ្ឋបាលសេនារាជឧត្តម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕