(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក អ៊ឹម ឈុនលឹម បានអំពាវនាវដល់ប្រជាពល  រដ្ឋ និង អ្នកពាក់ព័ន្ធដទៃទៀត ឲ្យរួមគ្នាគោរពច្បាប់ ដើម្បីចូលរួមថែរក្សាសម្រស់ឆ្នេរសមុទ្រខ្មែរ ឲ្យនៅតែស្រស់ស្អាត និង ការអភិរក្ស ប្រកបដោយចីរភាព។

ការអំពាវនាវរបស់លោក អ៊ឹម ឈុនលឹម ដែលមានតួនាទីជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា  (គ.អ.ឆ.ក) ផងដែរនោះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត នៃការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា និងផែនការកែលម្អតំបន់ឆ្នេរខ្សាច់ ខេត្តព្រះសីហនុ ពេញមួយព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំធំសណ្ឋាគារសុ ខា ក្រុងព្រះសីហនុ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ជាអនុប្រធាន  អចិន្ត្រៃយ៍ គ.អ.ឆ.ក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាអនុប្រធាន គ.អ.ឆ.ក ព្រមទាំងមន្រ្តីជាសមាជិក គ.អ.ឆ.ក . និង អភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ខេត្តកែប  ខេត្តកោះកុង ខេត្តកំពត និងមន្រ្តីវិស័យសាធារណ:  វិស័យឯកជន  តំណាងសហគមន៍ និង អ្នកពាក់ពន្ធ័នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដែលមានចំនួនសរុបជិត ៤០០នាក់។

សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបទដ្ឋានគតិយុត្ត នៃការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការ កែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ។

សិក្ខាសាលានេះ មានការធ្វើបទបង្ហាញដោយលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាអគ្គលេខាធិការ គ.អ.ឆ.ក. អំពីបទដ្ឋានគតិយុត្ត នៃការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ផែនការកែលម្អតំបន់ ឆ្នេរខ្សាច់ខេត្តព្រះសីហនុ។ លោក នេប សាមុត អគ្គនាយកទេសចរណ៍ នៃក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការរង គ.អ.ឆ.ក.  ក៏បានធ្វើបទបង្ហាញអំពីផែនការគ្រប់គ្រង និងទិសដៅទាក់ទាញកំណើនទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា នាខេត្តព្រះសីហនុ និង  បទបង្ហាញរបស់សាលាខេត្តព្រះសីហនុ អំពីការគ្រប់គ្រង និង ការអភិវឌ្ឍខេត្តព្រះសីហនុ។

លោកទេសរដ្ឋមន្រ្តី  អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានគាំទ្រផែនការរបស់រាជរដ្ឋាភិបាលក្នុង ការកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ និងករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណងលើទឹកដី ចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ព្រមទាំងអំពាវនាវទាំងវិស័យសាធារណៈ វិស័យឯកជន  សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ផ្សព្វផ្សាយបន្ត និងអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការរបស់រាជរដ្ឋាភិបា លទាំងអស់គ្នា ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជាកាន់តែមានសម្រស់ស្រស់ស្អាតឡើង និងមានការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរ ភាព។

ដើម្បីថែរក្សាឆ្នេរសមុទ្រកម្ពុជាកុំឲ្យមានការរំលោភ និងរក្សាបានកេរ្តិ៍ឈ្មោះ «ឆ្នេរស្រស់ស្អាត» លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បាន ណែនាំដល់ពាក់ព័ន្ធអនុវត្តន៍នូវការងារចំនួន៤ចំណុចរួមមាន៖

១). អគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. សហការជាមួយខេត្តព្រះសីហនុរៀបចំផែនការសកម្មភាព និងថវិកាដើម្បីគាំទ្រការអនុវត្តផ្ទាល់របស់គណ:បញ្ជាការឯភាពខេត្តព្រះសីហនុ
២). អគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. ត្រូវខិតខំរៀបចំច្បាប់ និង/ឬអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យបានឆាប់ ដោយផ្អែកលើមូលដ្ឋានសារសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០១សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា
៣). ត្រូវខិតខំរៀបចំបញ្ចប់ប្លង់គោល និងផែនការប្រើប្រាស់ដីក្រុងព្រះសីហនុ ព្រមទាំងផែនការប្រើប្រាស់ដីចំណីឆ្នេរនៅក្រុងព្រះសីហនុ និងជំរុញការអនុម័តឱ្យបានឆាប់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សទាំងក្រុង និងខេត្តព្រះសីហនុប្រកបដោយចីរភាព 
៤)- កំណត់រៀបចំកិច្ចប្រជុំដើម្បីជំរុញដោះស្រាករណីឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុនាថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយក្រុមហ៊ុនពាក់ព័ន្ធនៅទីតាំងនេះ៕