(តាកែវ)៖ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា «នគរបាលការពារព្រំដែន ត្រូវការពារសន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងបន្តជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជំរុញកសាង និងអនុវត្តផែនការសកម្មភាព ឆ្នាំ២០២០ ជាពិសេសត្រូវមានភក្ដីភាពការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតចំពោះព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ»។

ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក តេង សួន ក្នុងឱកាសអញ្ជើញប្រគល់ទទួលម៉ូតូចំនួន៤៣គ្រឿង និងម៉ាស៊ីនភ្លើងចំនួន៣០គ្រឿង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ផ្តល់ជូនដល់វរសេនាតូច និងប៉ុស្តិ៍នគរបាលការពារតាមព្រំដែនទឹក-គោក ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានថ្លែងទៀតថា ចំពោះការងារព្រំដែន ត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ជាមួយកងយោធពលខេមរភូមិន្ទ, បន្តតាមដានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស, បន្តជំរុញបើកវគ្គហ្វឹកហ្វឺនផ្ទៃក្នុង និងហ្វឹកហ្វឺនការងារព្រំដែន ដល់វរសេនាតូច និងបន្តសហការជាមួយស្ថាប័នផ្សេងៗ។

លោកបានបន្តថា ត្រូវទប់ស្កាត់កុំឲ្យមានការរីករាលដាលនូវបញ្ហាគ្រឿងញៀន, ត្រូវបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីបញ្ហាគ្រឿងញៀន, ត្រូវចុះធ្វើការណែនាំជាប្រចាំដល់ ក្លឹបកំសាន្ត កន្លែងសប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ក្រាបមុខសញ្ញា។

លោកឧត្តមសេនីយ៍ឯក តេង សួន ក៏បានសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងវរសេនាតូច និងប៉ុស្តិ៍នគរបាលការពារតាមព្រំដែនទឹក-គោក និងបានណែនាំឲ្យចូលរួមប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសកូវីដ១៩ ដែលក្នុងពិភពលោកមានអ្នកឆ្លងជាង៣២លាននាក់ អ្នកស្លាប់ជាង៩៩ម៉ឺននាក់ និងអ្នកជាសះស្បើយជាង២៤លាននាក់ ត្រូវពាក់ម៉ាស ត្រូវលាងដៃ និងសាប៊ូ ត្រូវបាញ់អាល់កុល ឬជែល ត្រូវរក្សាគម្លាតពីគ្នា ត្រូវកាត់បន្ថយការជួបជុំគ្នា និងត្រូវអនុវត្តការថែរក្សាអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ទិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៤លានរៀល ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕