(ភ្នំពេញ)៖ ថ្លែងក្នុងបាឋកថាចែករំលែកបទពិសោធន៍កន្លងមក ក្នុងនាមជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំស្ថាប័នយុវជន ក្នុងរយៈពេលជាង៨ឆ្នាំ លោក ហ៊ុន ម៉ានី បានថ្លែងថា «ការគ្រប់គ្រង ដឹកនាំប្រទេសមួយទាមទារឲ្យមានការពិនិត្យ គិតគូជាលក្ខណៈកញ្ចប់ទាំងលើក្របខណ្ឌបក្ស រដ្ឋ និងសង្គម»

ការលើកឡើងនេះដែល គឺជាការឆ្លុះបញ្ចាំងពីការយល់ឃើញផ្ទាល់របស់លោក ក្រោយបានសិក្សាស្វែងយល់ពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ថ្លែងទៅកាន់សាធារណជនថា៖ «ក្នុងភារកិច្ចគ្រប់គ្រងប្រទេស យើងមិនអាចមើលដើមឈើមួយដើម យើងត្រូវមើលព្រៃទាំងមូល»

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងបាឋកថា ចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី «យុវជន និងកិច្ចការបរទេស» ទៅកាន់មន្ត្រីការទូតវ័យក្មេងនៃក្រសួងការបរទេស និងវិទ្យាស្ថានជាតិការទូត រួមជាមួយនឹងសមាជិក សមាជិកា ស.ស.យ.ក ក្នុងវិស័យការបរទេស សរុបប្រមាណជាង១៥០នាក់ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ផ្តើមចេញពីការបង្ហាញអំពីតួនាទី និងភារកិច្ចចម្បងរបស់យុវជន ដែលជាអ្នកបន្តវេន ក្នុងការគិតគូរចំពោះអនាគតកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងថា «ក្នុងនាមយើងជាយុវជនដែលមានភាគហ៊ុនស្មើៗគ្នា លើការទទួលខុសត្រូវជោគវាសនារបស់ប្រទេសជាតិ ភារកិច្ចរបស់យើងម្នាក់ៗ គឺការហ្វឹកហាត់លុតដំ សមត្ថភាពតាមរយៈការយកទ្រឹស្តី មកអនុវត្តទៅតាមស្ថានភាពជាក់ស្ថែងណាមួយ ហើយត្រូវបន្តពង្រីកចំណេះ ជំនាញ ដោយការរៀនផង និងអនុវត្តផ្ទាល់ផង»

លោក ក៏បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការស្វែងយល់ឲ្យច្បាស់ពីគុណតម្លៃនៃព័ត៌មាន និងការកំណត់គោលដៅអាទិភាព និងគោលជំហររបស់កម្ពុជា។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់លើតួនាទីរបស់អ្នកជំនាន់ក្រោយជាពិសេសយុវជនក្នុងវិស័យការទូត ដែលដើរតួរយ៉ាងសំខាន់ ក្នុងការលើកមុខមាត់ជាតិលើឆាកអន្តរជាត និងជាអ្នកការពារផលប្រយោជន៍ជាតិ។

លោកបានលើកឡើងថា «ការគិតគូរពីប្រយោជន៍ជាតិ និងកិត្តិយសជាតិ គឺជាការងារអាទិភាពរបស់យើងទាំងអស់គ្នា។ ក្នុងភាពជាតំណាងកម្ពុជា រាល់ការបំពេញការងារលើឆាកអន្តរជាតិ យើងត្រូវតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងនាមយុវជនខ្មែរដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានសិទ្ធិស្មើមុខ ស្មើមាត់ជាមួយប្រទេសដទៃ»

លោកបានបន្ថែមថា «អាយុមិនកំណត់ភាពចាស់ទុំ នៃការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈឡើយ ហើយក្នុងកិច្ចការបរទេស អ្វីដែលយើងត្រូវចងចាំនោះ គឺ There is no free lunch»

សូមជម្រាបថា កម្មវិធីបាឋកថានេះដែរ ក៏មានការអញ្ជើញចូលរួមសំណាក់ លោកបណ្ឌិតសភាចារ្យ ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និង លោក ដាវ អានសាន ប្រធាននាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕