(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ព្យាករពីសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថាមានភាពអវិជ្ជមាន -២ភាគរយ ខណៈថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះក្នុងរង្វង់ -៤ភាគរយ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ពិសេសវិស័យសំណង់, ទេសចរណ៍ និងផ្នែកនាំចេញទំនិញជាដើម។

ឆ្លើយតបនឹងការព្យាកររបស់ស្ថាប័នអន្តរជាតិនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានស្វាគមន៍ចំពោះការព្យាករនេះ ថាមានជំនោរជិតខិតការព្យាករសេដ្ឋកិច្ចកម្ពុជា ដូចរាជរដ្ឋាភិបាលដែរ គឺមានអត្រាប្រមាណ -១.៩ភាគរយ នៅឆ្នាំ២០២០នេះ។

លោក មាស សុខសេនសាន បញ្ជាក់ថា «យើងឃើញថា ការព្យាករសេដ្ឋកិច្ចកម្ពុជា ស្ថាប័នអន្តរជាតិដ៏ល្បីទាំងពីរនេះ [World Bank & ADB] មានការកែតម្រូវច្រើន ដែលជាការកែតម្រូវសេដ្ឋកិច្ចរបស់យើងឲ្យមានលក្ខណៈប្រសើរជាងមុន ទោះបីស្ថិតក្នុងកម្រិតអវិជ្ជមាន។ អ្វីដែលធនាគារពិភពលោកព្យាករ គឺខិតជិតនឹងអ្វីដែលរាជរដ្ឋាភិបាលបានព្យាករ គឺ-១.៩ភាគរយ»

លោកបន្តថា នៅគ្រាដែលស្ថាប័នអន្តរជាតិ ព្យាករនូវកម្រិតអាក្រក់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានព្យាករ ក្នុងកម្រិតមួយ គឺត្រឹម -១.៩ភាគរយ តែពេលនេះស្ថាប័នអន្តរជាតិទាំងនោះ បានព្យាករងាកទៅរកការព្យាកររបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា រាជរដ្ឋាភិបាលមិនទាន់អាចវាយតម្លៃ អំពីផលប៉ះពាល់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា នៅឡើយនោះទេ តែលោកថាជាទូទៅសេដ្ឋកិច្ច ដែលធ្លាក់មកកម្រិតអវិជ្ជមានបែបនេះ ប៉ះដល់ប្រតិបត្តិការសេដ្ឋកិច្ចទាំងមូល ដែលមាននៅក្នុងប្រទេស។

លោកបញ្ជាក់ទៀតថា «យើងបានវាយតម្លៃជារួមសេដ្ឋកិច្ចរបស់យើងអវិជ្ជមាននេះ ដោយសារតែវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលសេវាកម្ម គឺយើងគិតគូរទៅលើវិស័យទេសចរណ៍ជួបបញ្ហាធ្លាក់ចុះខ្លាំង។ ចំណែកវិស័យឧស្សាហកម្មវិញ មានការធ្លាក់ចុះខ្លាំងដែរ ដោយសារការបញ្ជាទិញ ពីប្រទេសបញ្ជាទិញធ្លាក់ចុះដែរ»

តាមលោក មាស សុខសេនសាន ទោះឆ្នាំ២០២០នេះសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក៏ចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នេះ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ។

ទោះជានៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្រោមសូន្យក្តី ប៉ុន្តែនៅឆ្នាំ២០២១ ស្ថាប័នអន្តរជាតិទាំង២នេះ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ ក្នុងនោះ World Bank ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៩ភាគរយវិញ៕