(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកម៉ូតូចំនួន៣៦គ្រឿង អាវភ្លៀងចំនួន៤៨៦អាវ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រគល់ជូនអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល។

អំណោយដែលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំយកទៅប្រគល់ដល់អធិការដ្ឋាននគរបាលស្រុកទាំងពីរនេះរួមមាន៖ ម៉ូតូធំចំនួន១២គ្រឿង ព្រមទាំងថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល ចំនួន១៩១នាក់ និងស្រុកមុខកំពូលចំនួន២៩៥នាក់។ ក្នុងនោះលោក គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភម៉ូតូធំ សម្រាប់ល្បាតគ្រប់ប៉ុស្តិ៍ចំនួន២៤គ្រឿង ដល់មន្ត្រីនគរបាលស្រុកទាំងពីរនេះផងដែរ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានម៉ូតូធំ១គ្រឿង។

ក្នុងឱកាសនោះដែរ លោកស្នងការបានផ្ដាំកងកម្លាំងនគរបាលទូទាំងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាព អសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ធ្វើយ៉ាងណាការពារឱ្យបានល្អ មិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាតក្នុងមូលដ្ឋាន ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយដែលពលរដ្ឋមកសុំឱ្យជួយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរកងម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមកហើយ លោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលទាំងពីរស្រុកខ្សាច់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ រួបរួមគ្នា សាមគ្គីគ្នា ដាក់ចិត្ត ដាក់កាយ យកបេះដូងមកធ្វើការ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសង្កត់ធ្ងន់ចំណុចសំខាន់ គឺបញ្ហាជំងឺកូវីដ-១៩ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជា មិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែ កុំធ្វេសប្រហែសឱ្យសោះ គឺត្រូវតែប្រយ័ត្នជានិច្ច៕