(ស្វាយរៀង)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ ដោយលាងដៃនិងសាប៊ូ ជែល អាល់កុល ពាក់ម៉ាសនៅទីប្រជុំជន និងនៅគម្លាតរវាងគ្នា និងគ្នា។

លោកស្រី ជូ ប៊ុនអេង បានថ្លែងបែបនេះនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកស្រី និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្តស្វាយរៀង ចូលរួមសំណេះសំណាលជាមួយពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន១១៥នាក់ ស្ថិតក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកស្រី ជូ ប៊ុនអេង បានបន្តថា ថ្ងៃនេះក្រុមការងារបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋចំណាកស្រុកមកពីប្រទេសថៃ ដើម្បីឈ្វេងយល់និងការរស់នៅ របស់ពលករ អំឡុងពេលកូវីដ១៩ ហើយក៏ចង់ដឹងអំពីស្ថានភាពរបស់ស្រុករមាសហែកក្នុងការទប់ស្កាត់ និងឆ្លើយតបបញ្ហាប្រឈមរបស់ជំងឺកូវីដ១៩ ចំពោះប្រជាពលរដ្ឋ ដែលចំណាកស្រុក មកពីប្រទេសថៃផងដែរ។

លោកស្រីបានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវបន្តចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេសដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិ ទាំងអស់គ្នា។

លោកស្រីក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្ត ទាំងអស់គ្នាដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

នៅក្នុងឱកាសនោះដែរលោកស្រី ជូ ប៊ុនអេង និងក្រុមការងារ បាននាំយកអំណោយចែកជូនដល់ពលករចំនួន១១៥នាក់ ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគ និងឃីត ១កញ្ចប់ផងដែរ៕