(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទ ស្ថិតនៅភូមិត្រពាំងរពៅ ភូមិព្រែកក្រែង និងភូមិព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានស្នើឱ្យបញ្ឈប់គម្រោង ក្រុមហ៊ុន ជីង គ័រ ដែលប្រុង​ចាក់ដីបំពេញឆ្នេរសមុទ្រនៅដែននេសាទរបស់ពួកគេ ដើម្បីបង្កើតតំបន់អភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។ នេះពាក្យបណ្តឹងរបស់សហគមន៍នេសាទទាំងនោះ ផ្ញើទៅកាន់​សមាគមអាដហុក ប្រចាំខេត្តកំពត។

តាមរយៈលិខិតនោះ ប្រជាពលរដ្ឋ បានលើកឡើងថា ដីដែលក្រុមហ៊ុនជីងគ័រ បានស្នើ ទំហំ៦៤០ហិកតា បានត្រួតស៊ីគ្នាទៅនឹងដែននេសាទរបស់ពួកគេ ដែលកំពុងនេសាទលក្ខណៈ​គ្រួសារជាប្រចាំ​ដើម្បីចិញ្ចឹមជីវិត។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា «បើសហគមន៍យើងខ្ញុំបាត់បង់ដែននេសាដែលផ្តល់ ដោយរាជរដ្ឋាភិបាល យើងខ្ញុំនឹងប្រឈមមុខនឹង ការបាត់បង់ចំណូលប្រចាំថ្ងៃ បាត់បង់ជីវៈចម្រុះ ដែលធ្វើឱ្យ​ប្រជាសហគមន៍១៤២៨គ្រួសារ ប្រឈមនឹងខ្វះស្បៀង បាត់បង់មុខរបរ ជីវភាពក្រីក្រ កូនបាត់បង់ការសិក្សា កើតមានអំពើហិង្សាក្នុងគ្រួសារ អំពើលួចប្លន់ និងចំណាកស្រុក» ។

សូមជំរាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ បានឯក​ភាព​​យល់​ព្រម ទៅនឹង​សំណើរ​របស់​ក្រុម​ហ៊ុន ជីង គ័រ អាហរ័ណ នីហរ័ណ និង​សំណង់ ដែលស្នើ​សុំចាក់​ដី​បំពេញ​​ឆ្នេរ​សមុទ្រ​​លើផ្ទៃ​ដីទំហំ ៦៤០ហិកតា ដើម្បី​ពង្រីក​​តំបន់​​កំពង់​ផែ និងបង្កើត​តំបន់​​សេដ្ឋកិច្ច​​ពិសេស នៅភូមិ​ព្រែក​​គ្រែង និងភូមិ​ត្រ​ពាំង​រពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕