(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌចំការមន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជូនជនជាតិចិនចំនួន២នាក់ រួមជាមួយគ្រឿងញៀនជិត៥គីឡូក្រាម ព្រមទាំងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន ចំនួន១៤ដុំផ្សេងទៀត ប្រគល់ជូនតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់។

មេក្លោងគ្រឿងញៀនជនជាតិចិនទាំង ២នាក់នេះ រួមមានទី១៖ ឈ្មោះ ចាង ឡី (zhang lei) ភេទប្រុស អាយុ៣៨ឆ្នាំ និងទី២៖ ឈ្មោះ យ៉ាង ហ៊ូ (Ysng hu) ភេទប្រុស អាយុ៣៦ឆ្នាំ ខណៈជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្តបានកំពុងរត់គេចខ្លួន។

លោកវរសេនីយឯក យិន សាន អធិការនគបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងចម្រុះខណ្ឌចំការមន បានចុះរឹតបន្តឹងអាវុធជាតិផ្ទុះក្នុងបរិវេណកោះពេជ្រ ទើបឆែករកឃើញគ្រឿងញៀនជិត៥គីឡូក្រាម រួមជាមួយនឹងប្រភេទហេរ៉ូអ៊ីន១៤ដុំ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចកើតហេតុបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តប្រភេទ Lexus GS 300 ពណ៌ ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2W-7669 រួមដំណើរគ្នា៣នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមបើករថយន្តគេចចេញពីសមត្ថកិច្ចហើយក៏បើករថយន្តមកចតជិត និងខុនដូមួយកន្លែង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយូរដៃចំនួន២កាតាប ដោយនៅក្នុងកាតាបនោះផ្ទុកទៅដោយគ្រឿងញៀនប្រភេទ កេតាមីនជិត ៥គីឡូក្រាម។

បន្ទាប់មកកម្លាំងចម្រុះ ក៏បានចុះទៅឆែកឆេរ បន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែង មានឈ្មោះថា «រីវេីរ៉ា ផ្លាហ្សា» ស្ថិតនៅក្នុងបរិវេណ ទីក្រុងកោះពេជ្រស្រាប់តែ ឃើញបុរសជនជាតិចិនម្នាក់យួរថង់ពណ៌ប្រផេះ ក៏សង្ស័យទើបឃាត់ខ្លួនឆែរឆេរ ក៏ប្រទះឃើញ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៤ដុំបន្ថែមទៀត៕