(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម នៅរសៀល​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះផ្សព្វផ្សាយពី​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជន​កម្ពុជា​លើកទី៣៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០១៦កន្លងទៅ។

សន្និបាតគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥ នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តទៅលើជោគវាស នារបស់ប្រទេសជាតិ និងប្រជាជនទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។

នៅក្នុងសន្និបាត​រយៈពេលពីរថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផល ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាវេទិកាមួយ ដែលបានក្រើនរំលឹក និងជំរុញឲ្យមន្រ្តី​រាជរដ្ឋាភិបាល​កើតចេញពីគណបក្សប្រជាជនកម្ពុជាប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ។

នៅក្នុងពិធីផ្សព្វផ្សាយនេះ អ្នកស្រី តឹករ៉េត កំរង សមាជិកគណៈកម្មាធិការកណ្តាល បានឡើងអានទាំងស្រុងនូវលទ្ធផល នៃសន្និបាតរយៈពេល ២ថ្ងៃកន្លងទៅនេះ។

ក្នុងឱកាស​ផ្សព្វផ្សាយ​លទ្ធផលសន្និបាតនេះ លោក ស៊ុន ចាន់ថុល បានបន្តជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនក្នុងស្រុក កោះធំទាំងអស់ បន្តប្រឹងប្រែងធ្វើការងារ​បំពេញសេចក្តីត្រូវ​ការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយក៏ត្រូវពន្យល់ណែនាំឲ្យពួកគាត់ បានទៅចុះឈ្មោះបោះឆ្នោតផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យក្រុមការងារគណបក្សប្រជាជនស្រុកកោះធំ ដាក់ចិត្តដាក់កាយនៅជាមួយប្រជាពលរដ្ឋ និង ជួយដោះស្រាយឲ្យបានទាន់វេលារាល់បញ្ហារបស់ប្រជាពលរដ្ឋផងដែរ ពោលធ្វើគ្រប់យ៉ាង​ឲ្យប្រជាពល​រដ្ឋបានឃើញយ៉ាងប្រត្យក្សថា គណបក្សប្រជាជនកម្ពុជា គឺជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ៕