(ភ្នំពេញ)៖ ខណៈរងឥទ្ឋិពលព្យុះភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានស្នើឲ្យចៅសង្កាត់ មេភូមិ ត្រូវចុះត្រួតពិនិត្យនៅតាមខ្នងផ្ទះ និងភូមិនីមួយៗ ដើម្បីពនិត្យមើលស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋ រកគ្រួសារ ជនចាស់ជរា គ្មានទីពឹងណាដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីបានចុះជួយដល់ពួកគាត់ គឺមិនត្រូវទុកឲ្យពួកគាត់រស់នៅដោយលំបាកតែឯង ហើយអាជ្ញាធរមិនបានដឹងឮនោះទេ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខណ្ឌ ខណៈចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមខ្នងផ្ទះ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងនូវការជន់លិចដោយទឹកភ្លៀងចំនួន ៤៧គ្រួសារ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក ចេង មុនីរ៉ា បានលើកឡើងថា ក្នុងនាមលោកជាអភិបាលខណ្ឌផងនោះ លោកចុះដោយផ្ទាល់ខិតខំអំពាវនាវគៀរគរស្បុរសជននានា នៅក្នុងខណ្ឌក៏ដូចក្រៅខណ្ឌដែរ ដើម្បីបាននាំមកចែកជូនអ្នក ដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងគ្រួសារ ហើយម្យ៉ាងវិញទៀត លោកក៏សុំឲ្យលោកចៅសង្កាត់ ឬមេភូមិត្រូវចុះស្រង់មើលរកគ្រួសារពលរដ្ឋដែលកំពុងតែជួបប្រទះការលំបាកពិតប្រាកដ ដើម្បីបានចុះទៅជួយពួកគាត់ ទាន់ពេលវេលា យើងមិនត្រូវទុកឲ្យពួកគាត់ជួបការលំបាកតែឯងនោះ ហើយមិនត្រូវប្រកាន់និន្នាការនយោបាយនោះ ឲ្យតែគាត់ជួបការលំបាកត្រូវតែជួយគាត់ជាបន្ទាន់។

ជាមួយគ្នានេះ ពលរដ្ឋតាមខ្នងផ្ទះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះលោកអភិបាលខណ្ឌច្បារអំពៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកមិនបោះបង់ចោលនូវប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដូចជាពួកគាត់នាពេលនេះ៕