(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចុះសួរសុខទុក្ខកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលកំពុងចុះជួយច្រូតស្រូវលិចទឹករបស់ប្រជាពលរដ្ឋជាង ២០ហិកតា ក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ព្រមទាំងនាំយកភេសជ្ជ: ទឹកក្រូចកូការ ២០យួរ ទឹកខារ៉ាបាវ គោជល់ M150 ១០កេស និងប្រេងសាំងចំនួន ៣០០លីត្រ ផ្តល់ជូនកងកម្លាំងដែលកំពុង អន្តរាគមន៍ជួយប្រជាពលរដ្ឋ។

នៅក្នុងឱកាសចុះជួបសួរសុខទុក្ខនោះ លោក អ៊ុំ រាត្រី បានកោតសរសើរដល់ទឹកចិត្តកងកម្លាំង នៃអង្គភាពទាំងពីរ ដែលបានលះបង់ពេលវេលា កម្លាំងកាយ មិនគិតពីការនឿយហត់ជួយច្រូតស្រូវបងប្អូនដែលកំពុងរងការលិចលង់ដោយទឹកជំនន់។

លោកថ្លែងថាបើគ្មានការចុះជួយទាន់វេលាទេ ស្រូវដែលលិចលង់នេះ និងត្រូវខូចខាតទាំងស្រុងថ្វីត្បិតមិនអាចធ្វើការច្រូតកាត់បានទាំងស្រុង តែអាចដណ្តើមបានខ្លះចេញពីទឹកជំនន់ ដើម្បីជាស្បៀងសម្រាប់ផ្គត់ផ្គង់ការរស់នៅបានមួយរយៈពេលដែរ។

លោកស្រី គង់ សុភាព មេឃុំរហាត់ទឹក បានលើកឡើងថា ស្រូវប្រជាពលរដ្ឋក្នុងឃុំនេះ ពួកគាត់ធ្វើស្រែបានច្រើន សម្រាប់ឆ្នាំនេះ។ គ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរនាដើមរដូវ ធ្វើឱ្យស្រូវដែលបងប្អូនធ្វើបានត្រូវងាប់អស់ស្ទើរគ្មានសល់។ ស្រូវសេសសល់តិចតួច ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងបន្ទាប់ពីស្រូវទុំជិតល្មមច្រូតកាត់។

លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើងថា នេះជាថ្ងៃទី២ហើយ ដែលកងកម្លាំងកងពលបានចុះជួយច្រូតកាត់បងប្អូនប្រជាកសិករក្នុងភូមិនេះ។ ថ្វីត្បិតមានការលំបាកបន្តិចក្តៅ ត្រូវត្រាំក្នុងទឹកយូរម៉ោង ប្រឈមនឹងការវាយប្រហារពីសំណាក់ពពួកសត្វអសិរពឹស តែបងប្អូនកងកម្លាំងមានការរីករាយក្នុងការជួយរហូតរួចរាល់ទាំងស្រុង។

ជាមួយនោះដែរលោក អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនតូចសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតមិនត្រូវឱ្យលេងទឹកឡើងដើមឈើនោះទេ ជៀសវាងការលង់ទឹក សត្វតិច ឬខាំ៕