(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដើម្បីចិញ្ចឹមត្រី ឲ្យបានត្រឹមត្រូវ និងចង់ឲ្យត្រី មានគុណភាពល្អ ត្រូវមានប្រភពទឹកពិតប្រាកដ ហើយជ្រើសរើសកូនពូជត្រីណា ដែលមានគុណភាពល្អ និងរកចំណីណាដែលមានប្រភពច្បាស់លាស់ និងមានយីហោត្រឹមត្រូវ។

ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានសមាគមវារីវប្បករកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ដើម្បីពន្យល់ពី «ការវិនិយោគលើការចិញ្ចឹមត្រី ឲ្យបានត្រឹមត្រូវ និងជោគជ័យ»

លោក សុខ រ៉ាដែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចិញ្ចឹមត្រី ឲ្យមានគុណភាពល្អ គឺត្រូវមានទឹក ហើយមានកូនត្រីពូជដែលល្អ និងមានប្រភពច្បាស់លាស់ និងជាពិសេសចំណី។ បើសិនជាយើងមិនមានទឹកគ្រប់គ្រាន់ យើងពឹងផ្អែកលើធម្មជាតិ យើងមិនអាចធ្វើបាននោះទេ»

លោក សុខ រ៉ាដែន បានបន្ថែមទៀតថា អំពីកូនពូជត្រី ពេលណាដែលយើងដាក់កូនពូជ យើងត្រូវជ្រើសរើសកូនពូជត្រីណា ដែលមានប្រភពពិតប្រាកដ ដើម្បីឲ្យយើងដឹងថា កូនពូជត្រីរបស់យើង មានការលូតលាស់ឬអត់ ព្រោះពេលខ្លះ អាចប៉ះចំពូជត្រីក្រឹន ឬពូជជាន់ឈាមគ្នា ដែលវាមិនអាចលូតលាស់ បាននោះទេ។

ចំពោះចំណីវិញ លោក សុខ រ៉ាដែន បានប្រាប់ថា ត្រូវតែជ្រើសរើសយកចំណីណាដែលល្អ ហើយចំណីដែលយើងជ្រើសរើសនោះ មានប្រភពច្បាស់លាស់ ព្រោះថា បើសិនជ្រើសរើសខុស ធ្វើឲ្យត្រីរបស់យើងដែលចិញ្ចឹម មិនមានភាពរីកលូតលាស់បាននោះដែរ។

បន្ថែមពីនោះទៀត លោក សុខ រ៉ាដែន បានឲ្យដឹងថា ទឹកដែលល្អ គឺជាទឹក ដែលគេមិនទាន់ប្រើប្រាស់ បើសិនជាយកទឹកដែលប្រើប្រាស់ហើយ ជាពិសេសទឹកដែលគេបូម ចេញពីស្រែ វានឹងធ្វើអាចប៉ះពាល់ ដល់ការចិញ្ចឹមត្រីរបស់យើង ព្រោះថា ទឹកទាំងនោះ មានថ្នាំដែលបាញ់ ដើម្បីស្រែរបស់គេ។

ជាមួយគ្នានោះ ប្រធានសមាគមវារីវប្បករកម្ពុជា ក៏បានគូសបញ្ជាក់ថា ចិញ្ចឹមអ្វីក៏ដោយ សូមកុំលោភ បើសិនជាយើងលោភ ឧទាហរណ៍មួយម៉ែត្រ ដាក់៧ក្បាល ទៅ៨ក្បាល យើងដាក់ដល់ទៅ២០-៣០ក្បាល វាមិនអាចធំធាត់បាននោះទេ។ ហើយនេះ ជាកត្ដាសំខាន់បំផុត ដើម្បីចិញ្ចឹមត្រី ឲ្យមានភាពលូតលាស់បានឆាប់រហ័ស៕