(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកពេលធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «នីតិវិធី នៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០ភាគរយ» ទៅពេលក្រោយ ដោយសារមន្ដ្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មានធុរៈត្រូវបំពេញភារកិច្ចផ្សេង។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីមួយ ដែលបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា សន្និសីទសារព័ត៌មាននេះ នឹងត្រូវលើកពេលទៅធ្វើនៅ វេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ខាងមុខ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។

គួរជម្រាបថា តាមការគ្រោងទុក សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីវិធាន និងនីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០ភាគរយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕