(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃអាទិត្យ ២៧ ខែកញ្ញា ឆ្នាំ២០២០ គម្រោង «សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស បាននាំយកទស្សនីយភាពរបាំគោះអង្រែ ល្ខោនស្រមោលស្បែកតូច រួមទាំងតន្ត្រីសម័យ ជូនទស្សនិកជនបានទស្សនា នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា៖ « រាល់ការសម្ដែងម្ដងៗ យើងសង្កេតឃើញថា ទស្សនិកជនបានគាំទ្រគម្រោង «សិល្បៈស្រុកយើង» យ៉ាងគគ្រឹកគគ្រេង។ សន្ទុះនៃការគាំទ្រនេះបានចូលរួមលើកកម្លាំងចិត្តដល់សិល្បករយើងយ៉ាងខ្លាំង ឲ្យបន្តបង្កើតស្នាដៃថ្មីៗ និងបង្ហាញភាពច្នៃប្រឌិតទាំងនេះឲ្យសាធារណជនបានឃើញ ដើម្បីបន្តលើកតម្កើងសិល្បៈស្រុកយើង»

គួរបញ្ជាក់ថា ក្នុងគម្រោង «សិល្បៈស្រុកយើង» ប្រចាំខែកញ្ញានេះ មានការចូលរួមសម្ដែងដោយ ក្រុមសិល្បករ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមសិល្បករគោកធ្លក និងតារាចម្រៀងសម័យ Chen-ចេន។

បន្ថែមពីនេះ កម្មវិធីបានបង្កើតបរិយាកាសសប្បាយរីករាយ ដោយមានការលេងហ្គេមឈ្នះរង្វាន់ ភ្លក់អាហារសម្រន់ឆ្ងាញ់ៗ និងមានឱកាសឈ្នះប័ណ្ណបញ្ចុះតម្លៃពីទឹកក្រូចអាយស៍ IZE, ភេសជ្ជៈប៉ូវកំលាំង WURKZ, ទឹកបរិសុទ្ធ កម្ពុជា, ផ្សារទំនើប ជីប ម៉ុង, ធនាគារ ជីប ម៉ុង, Legend Cinema, Santa Fé, Chatime, E & M, Funderland និង Louisiana ថែមទៀតផង៕