(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើ និងជំរុញដល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ ខិតខំពង្រឹងសមត្ថភាព ក្នុងវគ្គបណ្តុះបណ្តាល ជំនាញជាអ្នក អង្កេតការណ៍ជាតិ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោក ជាម ច័ន្ទសោភ័ណ ជំរុញបែបនេះនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកអង្កេតការណ៍ជាតិដល់យុវជនជា សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តត្បូងឃ្មុំ ចំនួន១២៨នាក់ ក្នុងនោះស្រី៤២នាក់ ដើម្បីលើកកម្ពស់ ចំណេះដឹងបន្ថែមទៀត លើជំនាញអង្កេតការជាតិ សម្រាប់ការបោះឆ្នោត ក្រោមការរៀបចំពីស.ស.យ.កខេត្ត សហការជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា យុវជនមានតួនាទីយ៉ាងសំខាន់គ្រប់សកម្មភាពសង្គម ព្រោះយុវជនគឺជាអ្នកបន្តវេនដឹកនាំ បម្រើប្រទេសជាតិនៅថ្ងៃអនាគត ហេតុនេះហើយ វគ្គបណ្តុះបណ្តាលជំនាញអ្នកអង្កេតការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដែលជាសមាជិក ស.ស.យ.ក ជួយឲ្យការបោះឆ្នោត នាពេលខាងមុខ ប្រព្រឹត្តិទៅដោយត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយនឹងការលើកឡើងបែបនេះលោកអភិបាលខេត្ត ក៏បានជំរុញដល់យុវជន ស.ស.យ.ក ខេត្តត្បូងឃ្មុំ ត្រូវខិតខំរៀនសូត្របន្ថែមចំណេះដឹង ជំនាញ និងត្រូវរស់នៅ ឲ្យមានអនាម័យ ដើម្បីមានសុខភាពល្អ ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីត១៩ ។ ជាមួយគ្នានោះដែរ លោកគ្រូ អ្នកគ្រូ និងនាយក សាលាទាំងអស់ត្រូវសំអាតទីធ្លារសាលាឲ្យបានស្អាតជានិច្ច។ ក្រៅពីការងារទាំងនេះការងារបរិស្ថានក៏មានសារៈសំខាន់ខ្លាំងមួយដែរ ដូចនេះត្រូវបំផុសនិងធ្វើយុទ្ធនាការ ដាំកូនឈើនៅតាមទីសាធារណៈ បរិវេណវត្តអារាម និងសាលារៀនជាដើម ដោយធ្វើយ៉ាងណាឲ្យខេត្តត្បូងឃ្មុំមានភាពស្រស់បំព្រងជានិច្ច។

បើតាមរបាយការណ៍លោក កែវ វណ្ណៈ ប្រធានស្តីទី ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក ស.ស.យ.ក ខេត្ត បានចូលរួមសកម្មភាពសង្គមជាច្រើនយ៉ាងផុសផុលមានដូចជា ការងារបណ្តុះបណ្តាលសមត្ថភាពយុវជន ការងារបរិច្ចាកឈាម មនុស្សធម៌មូលដ្ឋាន បរិស្ថាន កីឡា ចុះផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព ការអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីត១៩។ ក្រៅពីការងារទាំងនេះសមាជិកស.ស.យ.កខេត្ត ក៏បានចូលរួមអង្កេតការណ៍ ពិនិត្យឈ្មោះបោះឆ្នោត និងការបោះឆ្នោតគ្រប់កំរិតផងដែរ៕