(បន្ទាយមានជ័យ)៖ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត កុសល់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជ្រែអីវ៉ាន់ ស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាចាស់ ដែលកម្លាំងនគរបាលក្រុង បានកំណត់ជាមុខសញ្ញាចែកចាយគ្រឿងញៀមន និងតាមដានស្រាវជ្រាវយូរមកហើយទើបឈានដល់ការបង្រ្កាបបាន។

មន្ត្រីដដែល បានបន្តថា វត្ថុតាងជាក់ស្តែងមានថ្នាំគ្រាប់ពណ៌ស្វាយមានរូបសត្វពីលើចំនួន១១ដប ១គ្រាប់ និង៥កំណាត់ ម្ស៉ៅក្រាមសថ្លាចំនួន១កូនថង់តូច, ម្ស៉ៅម៉ត់ស សង្ស័យខេហិតចំនួន ៤កូនថង់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរាងបេះដូងចំនួន៥គ្រាប់, កូនជញ្ជីងថ្លឹងថ្នាំញៀន១, ស្លាបព្រាជ័រសម្រាប់ចូកថ្នាំញៀន៣, ថ្នាំទឹកប្រភេទដបសម្រាប់សម្ងួតខេហិត ចំនួន១១ដប, ដែកកេះសម្រាប់ដុត១ និងសំបកថង់មួយចំនួន ដែលជនសង្ស័យបានលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅ។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕