(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានរកឃើញក្រឡចាស់ៗពីបាតសមុទ្រ (សង្ស័យវត្ថុបុរាណ) ចំនួន២៨១ក្រឡ ពីជនជាតិវៀតណាមម្នាក់ ដែលបានលួចលាក់ទុក នៅចំណុចផែរូយ៉ាលស្ថិតក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ប្រតិបត្ដិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សម្របសម្រួលនិតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសីហនុ និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh New ថា កម្លាំងអាវុធហត្ថរបស់លោក បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វ៉ាងហួន អាយុ៤២ឆ្នាំ និងបានដកហូតក្រឡទាំងតូច-ធំ ចំនួន២៨១ក្រឡ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងរក្សាទុកនូវអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕