(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនទ័ពថ្មី និងហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្មប្រចាំឆ្នាំ២០២០ នៅសាលាវិស្វកម្មតេជោ (មូលដ្ឋានផ្អាវ) សិ្ថតនៅស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្ម អភិបាលស្រុកបាធាយ ព្រមទាំងប្រធានក្រុមព្រឹក្សាឃុំផ្អាវនាយការិយាល័យ មេបញ្ជាការគ្រប់កងឯកភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម នាយទាហាន នាយទាហានរង ពលទាហានរួមនឹងសិក្ខាកាមចំនួន ១៨៨នាក់ផងដែរ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងថា ប្រទេសកម្ពុជាមិនមានសង្គ្រាមរហូតនោះទេ ប៉ុន្តែការការពារជាតិគេត្រូវផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីការពារជាតិ និងប្រជាជន ប្រទេសមានសុខ សន្តិភាពរហូតមកដល់ពេលនេះពុំមែនជាការចៃដន្យទេ គឺការបញ្ចប់សង្គ្រាមដោយគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំការពាររបស់កងកម្លាំងប្រដាប់អាវុធ ដូច្នេះកាតព្វកិច្ចរបស់យើងត្រូវត្រៀមគ្រប់ពេលវេលា បណ្ដុះបណ្ដាលជំនាញកងទ័ពការពារជាតិនិងប្រជាជន ព្រោះថាក្មួយៗនេះហើយជាអ្នកទទួលខុសត្រូវសម្រាប់រយៈពេលទៅមុខទៀត។

នាយឧត្តមសេនីយ៍ បានបន្តថា ក្មួយៗដែលត្រូវចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់គោរពបទ បញ្ជាវិន័យរបស់ កងយោធពលខេមរភូមិន្ទខិតខំហ្វឹកហ្វឺនរៀនសូត្រ លំហាត់របៀប មេរៀនយោធាបច្ចេកទេសកងទ័ពឱ្យបានល្អ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា វគ្គហ្វឹកហ្វឺនជំនាញឯកទេសប្រចាំឆ្នាំ២០២០ និងនយោបាយសតិអារម្មណ៍ ក្នុងគោបំណងដុសខាតនូវទស្សនៈគោលដៅទឹកចិត្តស្មោះត្រង់របស់យោធិនគ្រប់រូប ដើម្បីជាឧបករណ៍មុតស្រួចរបស់រាជរដ្ឋាភិបាល និងជាកូនចៅកើតចេញពីប្រជាជនហើយបម្រើប្រជាជន គឺជាអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនការពារឱ្យបាននូវសមិទ្ធផល របស់រាជរដ្ឋាភិបាល យល់ច្បាស់នូវសង្គ្រាមចិត្តសាស្ត្ររបស់ខ្មាំងសត្រូវដែលញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុង អូសទាញប៉ុនប៉ងនាំមកនូវបដិវត្តន៍ពណ៌ដល់ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបន្ថែមថា កសាងពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន ឱ្យមានសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ កែតម្រូវឥរិយាបទរបៀបរបបធ្វើការ អង្គភាពឱ្យកាន់តែរឹងមាំ និងមានសមត្ថភាព ចាត់ចែងគ្រប់គ្រង។ លើសពីនេះទៅទៀត គោលដៅកែលម្អ និងពុះពារជម្រុះឱ្យអស់រាល់ចំណុចខ្វះខាតនៅសល់ ក្នុងលក្ខខណ្ឌការងារគ្រប់គ្រង បច្ចេកទេស និងភារកិច្ច អភិវឌ្ឍន៍សមត្ថភាពកាន់តែពេញលេញ និងសម្បូរបែបតាមស្ថាប័ននីមួយៗ ឱ្យកាន់តែប្រសើរឡើង។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ត្រូវធ្វើជាគំរូ សម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទទាំងមូលចងចាំទុកមិនអាចភ្លេចបានដោយឈរលើមូលដ្ឋានសន្តិភាពស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាន ព្រមទាំងបានឆ្លងកាត់សម័យកាលថ្មី និងទាមទារឱ្យមានធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីសម្រេចគោលដៅនេះកងយោធពល ខេមរភូមិន្ទ ត្រូវការហ្វឹកហ្វឺនពង្រឹងការដឹកនាំគ្រប់គ្រងកងកម្លាំង ការប្រមូលផ្ដុំកែសម្រួលរៀបចំកម្លាំងក្របខណ្ឌឱ្យតាមរចនាសម្ព័ន្ធចាត់តាំង តាមរយៈការផ្ទេរកម្លាំងបាត់បង់សមត្ថភាព ពលកម្មការបំពេញក្របខណ្ឌជាជំហ៊ានៗ ដេីម្បីពង្រឹងទាំងបរិមាណ និងគុណភាពនៅក្នុងជួរកងទ័ពកាន់តែរឹងមាំ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានណែនាំផ្ដាំផ្ញើដល់សិក្ខាកាមមួយចំនួនដូចខាងក្រោម៖

* គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដឹកនាំ ចង្អុលណែនាំ ធានាផ្គត់ផ្គង់តាមដានជាប់ជាប្រចាំ ដើម្បីបង្កលក្ខណៈឱ្យវគ្គហ្វឹកហ្វឺនទទួលបានលទ្ធផលល្អប្រសើរ។
* មេបញ្ជាការគ្រប់កងឯកភាព និងគណៈនាយកសាលាត្រូវដឹកនាំតាមដាន និងចូលរួមហ្វឹកហ្វឺនដោយផ្ទាល់
* យោធាចារ្យគ្រប់រូបត្រូវខិតខំ និងយកអស់ស្មារតីទទួលខុសត្រូវក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីបង្ហាត់បង្រៀនដល់សិក្ខាកាម។
* ចំពោះសិក្ខាកាមត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់សាលា
* ត្រូវកសាងរបៀបរបបថ្មីប្រកបដោយអនាម័យបរិស្ថាន តាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។បើតាមលោកវរសេនីយ៍ឯក គឹម ឌុង នាយករងស្តីទី សាលាវិស្វកម្មតេជោ បានបញ្ជាក់ថា ក្នុងការអនុវត្តភារកិច្ចជំនាញឆ្នាំ២០១៩-២០២០ កន្លងទៅនេះ បណ្ដាការដ្ឋានគ្រប់កងឯកភាព បានប្រមូលផ្ដុំកម្លាំង មធ្យោបាយគ្រឿងបំពាក់ ចុះអនុវត្តភារកិច្ចស្ថាបនាផ្លូវស្ពានក៏ដូចជា សំណង់ផ្សេងៗ ដែលបណ្ដាអង្គភាពទទួលខុសត្រូវ សម្រេចលទ្ធផលគួរជាទីមោទនៈបំផុត និងត្រូវបានប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការរដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខ នាយទាហាន នាយទាហានរងពលទាហាន នៅតាមបណ្ដាការដ្ឋាន ព្រមទាំងធ្វើការកោតសរសើរយ៉ាងច្រើន ជាពិសេសមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រសិទ្ធនាមកងកម្លាំងវិស្វកម្ម ថា «កងកម្លាំងវិស្វកម្ម ជាកម្លាំងស្នូល កម្លាំងឆ្អឹងខ្នង និងជាកម្លាំងផ្ដាច់ព្រ័ត្ររបស់រាជរដ្ឋាភិបាល! កម្លាំងវិស្វកម្មទៅដល់ទីណាប្រៀបដូចនាយករដ្ឋមន្ត្រី ទៅដល់ទីនោះដែរ»

យោធិនថ្មីចំនួន ១៨៨នាក់ ដែលបានបំពេញក្របខណ្ឌក្នុងជួរកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិថ្នាក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ដែលបានអនុញ្ញាតឱ្យក្មួយៗមានឱកាសចូលបម្រើនៅក្នុងជួរកងយោធពលខេមរភូមិន្ទ៕