(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំពោះមរណភាពម្តាយបង្កើតលោកទេសរដ្ឋមន្ត្រី គឺលោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់។ នេះបើយោងតាម សាររំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦៖៤៥នាទីយប់ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

សម្តេច ហេង សំរិន បានថ្លែងក្នុងសាររំលែកទុក្ខនេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយ ឯកឧត្តម អូស្មាន ហាស្សាន់ និងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់ ម្ដាយ ម្ដាយក្មេក និងជាជីដូនជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូបក្នុងការលើកស្ទួយ តម្លៃឥស្លាមសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធទៀតផង»

សម្តេច ហេង សំរិន សូមបួងសួងដល់ព្រះអល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ បានទៅសោយសុខក្នុងឋានសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕