(កំពង់ឆ្នាំង)៖ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រ បានលើកឡើងថា មានសន្តិភាព ទើបប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីររពេទ្យ សាលារៀន ពិសេសបច្ចុប្បន្ន វិស័យអចលនទ្រព្រ ក៏កំពុងមានសន្ទុះខ្លាំងក្លាគួរឲ្យកត់សម្គាល់ផងដែរ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងនាំជាងកាត់សំលៀកបំពាក់ មកវាស់កាត់សម្លៀកបំពាក់យកតាមទំហំខ្លួន ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋានភូមិឃុំ នៅសាលាឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

លោក ងួន សុជាតិ បានបន្តថា «ជាក់ស្តែងសូម្បីតែនៅក្នុងឃុំស្រែថ្មី នៃស្រុករលាប្អៀរយើងនេះ ក៏កំពុងសាងសង់អគារ ផ្ទះល្វែង ផ្ទះវីឡាកូនកាត់ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប គឺ(ស្មាតហូម) ដែលអាចធានាសុវត្ថិភាព មានប្រពន្ឋ័ពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ មានបំពាក់កាមេរាសុវត្ថិភាព និយាយជារួម ទោះបីយើងទៅដល់ទីណា ក៏យើងអាចគ្រប់គ្រងផ្ទះរបស់យើងបាន តាមរយៈ ទូរស័ព្ទដៃស្មាតហ្វូនបានដែរ ដែលសំណង់ពុំធ្លាប់មាននៅខេត្តកំពង់ឆ្នាំងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន សន ប៊ុនថេង និងដោយបានចុះកិច្ចព្រមព្រាងជាមួយដៃគូបរទេសមានដូចជា ចិន និងកូរ៉េជាដើម»

ជាមួយគ្នានេះ មិត្តចិនក៏កំពុងមានគម្រោងផ្លូវ១ ក្រវ៉ាត់ក្រុង១ រួមជាមួយនឹងគម្រោងកសាងវិស័យឧស្សហកម្ម និងកសិកម្មបែបទំនើបកម្មផងដែរ។ សម្រាប់ឃុំស្រែថ្មី នឹងត្រូវកសាងសួនច្បារ អមសងខាងផ្លូវជាតិលេខ៥៣ ដែលទៅថ្ងៃមុខក្នុងឃុំមួយនេះ ពិតជាមានការរីកចំរើន ព្រមជាមួយនឹងសោភ័ណភាព ទាក់ទាញភ្ញៀវបទេសនិងអ្នកវិនិយោគទន់មកបន្ថែមទៀតជាពុំខានឡើយ។

អ្នកតំណាងរាស្ត្រ បានបញ្ជាក់ថា ថ្ងៃនេះផងដែរ ដើម្បីលើកទឹកចិត្តដល់បងប្អូន ជាថ្នាក់ដឹកនាំភូមិ ក្នុង១ភូមិ៣នាក់ ថ្នាក់ដឹក នាំឃុំ៣នាក់ លោកគ្រួអ្នកគ្រួ និងពេទ្យសរុប៤៥នាក់ រួមនិងមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំស្រែថ្មីចំនួន៧នាក់ ដោយលោកបានជូនសម្លៀកបំពាក់ ម្នាក់១កំប្លេ (ខោ១អាវ១) ដែលពេលនេះ បាននាំជាងមកវាស់ទំហំខ្លួនរួចជាស្រេច សម្រាប់កាត់តម្រូវទៅតាមទំហំ របស់បងប្អូនម្នាក់ៗ រីឯខោអាវ ដែលបានវាស់កាត់ជូនពួកគាត់ខាងលើនេះ គឺយកពណ៌ដូចៗគ្នា ដែលតាមការប្រមាណ ក្នុង១កំប្លេតម្លៃ៣០ដុល្លារ។ ជាមួយគ្នានេះ ដើម្បីកំដរដៃពេលត្រឡប់ទៅវិញ បានជូនម្នាក់ក្រមា១ និងថវិការមួយចំនួនផងដែរ។

ជាចុងក្រោយលោកបានផ្តាំផ្ញើថ្នាក់ ដឹកនាំភូមិឃុំ សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ នាំកូនចៅគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។ និងមួយវិញទៀត សូមអប់រំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យលាងដៃនឹងសាប៊ូ អាលកុល ឬ ជែលជាប្រចាំ និងត្រូវមានគម្លាតពីគ្នា ដើម្បីការពារជម្ងឺកូវីត១៩ ដែលអាចផ្ទុះឡើងជាលើកទី២ ប្រសិនបើយើងមិនប្រឹងប្រែងការពារទេនោះ៕