(រតនគិរី)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននាំអំណោយម៉ូតូចំនួន៤៤គ្រឿង, ម៉ាស៉ីនភ្លើងចំនួន៣៩គ្រឿង និងម៉ាស៉ីនភ្លើងខ្នាតធំ២គ្រឿង ជូនកម្លាំងនគរបាលវរការពារព្រំដែនទិសភូមិភាគទី១ មានខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

ក្នុងនោះវរការពារព្រំដែនលេខ២០៣,៦២៣(ខេត្តរតនគិរី) ទទួលបានម៉ូតូ២៤គ្រឿង និងម៉ាស៉ីនភ្លើង២២គ្រឿង, វរការពារព្រំដែនលេខ៣០៣,៦២១(ខេត្តមណ្ឌលគិរី) ទទួលបានម៉ូតូ១៦គ្រឿង, ម៉ាស៉ីនភ្លើង១៤គ្រឿង, វរការពារព្រំដែនលេខ៧០១(ខេត្តស្ទឹងត្រែង) ទទួលបានម៉ូតូ៤គ្រឿង និងម៉ាស៉ីនភ្លើង៣គ្រឿង។ ដោយឡែក ម៉ាស៉ីនភ្លើងខ្នាតធំ២គ្រឿង, មាន១គ្រឿងប្រគល់ជូនវរការពារ ព្រំដែន លេខ៧០១(ខេត្តស្ទឹងត្រែង)និង ១គ្រឿងទៀត ប្រគល់ជូនទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១។

ថ្លែងក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ថ្លែងថា កន្លងមកនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ, ជីវភាពរស់នៅ និងសុខភាពរបស់កងកម្លាំងនគរបាលការពារព្រំដែនឈរជើងជួរមុខ ដែលកំពុងបំពេញភារកិច្ចបូរណភាពទឹកដី។

នាយឧត្តសេនីយ៍ ហ៊ូ សាគុណ បន្តថា ដោយសារនៅលើពិភពលោកកំពុងរងគ្រោះនូវវិបត្តិជំងឺកូវីដ-១៩ ជាសកល ដូច្នេះដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ មានតែកម្លាំងនគរបាលយើងទាំងអស់គ្នាចូលរួមជាពិសេស កុំឲ្យរីករាលដាលដល់សហគមន៍ដោយអនុវត្តនូវការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស, អនាម័យជាប្រចាំដោយលាងដៃនឹងទឹកសាប៊ូ, ជែល, អាកុល និងរក្សាគម្លាតសុវត្ថិភាព។ បន្ថែមលើនេះទៀតសុំឲ្យកងកម្លាំង ដែលទទួលបានសម្ភារខាងលើ យកទៅប្រើប្រាស់ហើយត្រូវចេះថែរក្សាធានាបានយូរអង្វែង, កងកម្លាំងការពារព្រំដែនចេះសហការជាមួយអាជ្ញាធរដែនដី ស្ថាប័ន-អង្គភាពពាក់ព័ន្ធក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនិងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែនៅព្រឹកថ្ងៃដដែលនេះដែរ មានសេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំគណៈបញ្ជាការនគរបាលជាតិប្រចាំភូមិភាគ១ ដែលអានដោយលោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែនមានឈ្មោះដូចតទៅ៖

១៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនជាមេបញ្ជាការ
២៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនមេបញ្ជាការរងប្រចាំការអចិន្ត្រៃយ៍
៣៖ លោកឧត្តមសេនីយ៍ទោ រ៉ាយ រ៉ៃ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន
៤៖ លោកឧត្តមសេនីយ៍ សាគុណ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
៥៖ លោកឧត្តមសេនីយ៍ទោ ស៊ូវ៉ាន់ ខាំវ៉ាន់ អនុប្រធាននាយកដ្ឋានការពារព្រំដែនគោក
៦៖ លោកឧត្តមសេនីយ៍ទោ ហុក ឆៃអៀង អនុប្រធាននាយកនគរបាលបច្ចេកទេសព្រំដែន
៧៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី
៨៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី
៩៖ លោកឧត្តមសេនីយ៍ត្រី អូត ស៉ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង
១០៖ លោកវរសេនីយ៍ឯក ម៉ាត់ សារី ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលព្រំដែន
១១៖ លោកវរសេនីយ៍ឯក ថាំង ឫទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន (ជាមេបញ្ជាការរង) និងមានសមាសភាពមួយចំនួនទៀតជាសមាជិកផងដែរ៕