(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវឲ្យមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាព ដែលបានមកដោយលំបាក និងត្រូវប្រឆាំងដាច់ខាត អ្នកដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជា។

ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធអគារ ស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ទេសរដ្ឋមន្ត្រី ក៏បានប្រាប់ប្រជាពលរដ្ឋ អំពីការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា «ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទៅបាន គឺដោយសារកត្តាសុខសន្តិភាព ដែលករណីនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យនៅគង់វង្សយូរអង្វែង និងត្រូវប្រឆាំងដាច់ខាតអ្នកទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង»

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងជំរុញឲ្យរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខសន្តិភាពនៅតាមមូលដ្ឋានរបស់យើង និងត្រូវបន្តការគាំទ្រនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសក្នុងកែកែទម្រង់គ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តទៀត។

លោកថែមទាំងជំរុញ ឲ្យបន្តអនុវត្តន៍ទៅតាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានណែនាំ ដោយមិនត្រូវធ្វេសប្រហែសនោះទេការពាក់ម៉ាស ការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជំងឺកូវីដ១៩ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរថែមទៀត៕