(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទទួលសិទ្ធិបន្តអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី កាលពីថ្មីៗនេះបានបញ្ជាក់ពីគោលជំហរអភិវឌ្ឍន៍គម្រោងទាំងមូល ឲ្យកាន់តែប្រសើរឡើង ក៏ដូចជាវិនិយោគបន្ថែម ដើម្បីកែលម្អសោភ័ណភាព និងធ្វើឲ្យប្រសើរឡើងសេវាកម្មទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ។

បន្ទាប់ពីទទួលសិទ្ធិបន្តអភិវឌ្ឍគម្រោងក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង ១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញយកសំភារៈបរិក្ខាទំនើបៗ មានដូចជាឡាន កូនហ្គោល (golf cart) ម៉ាស៊ីនកាត់ស្មៅ និងសម្ភារៈទំនើបៗជាច្រើនទៀត ដើម្បីថែទាំទីលានវាយកូនហ្គោល និងផ្តល់សេវាកម្មជូនភ្ញៀវកាន់តែល្អប្រសើរផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានរចនាក្លឹបហោស៍ ដ៏ទំនើបសម្រាប់ធ្វើបដិសណ្ឋារកិច្ចបែបប្រណិតជូនភ្ញៀវ ដែលមកវាយកូនហ្គោលក្នុងគម្រោងផងដែរ ដែលការងារកែលម្អ ក្លឹបហោស៍ នេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។

ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមរបស់អ្នករស់នៅមួយចំនួនតូច ដែលរស់នៅក្នុងគម្រោងថា ក្រុមហ៊ុនមានបំណង លុបបំបាត់ ទីលានវាយកូនហ្គោល តាមរយៈការលើកបដាបែបអនាធិបតេយ្យកន្លងមក៕