(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះឡើយ។

សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចបានបញ្ជាក់ថា អ្នកជាសះស្បើយជា បុរសជនជាតិអង់គ្លេសអាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានរកឃើញ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន០១នាក់៕