(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយរបស់លោក អូស្មាន ហាស្សាន់ គឺលោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦៖៤៥នាទីយប់ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនឹងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោកស្រី ហាជ្ជៈ សូភ័ស ហាស្សាន់ គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសគឺជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូប ក្នុងការលើកស្ទួយតម្លៃឥស្លាមសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធទៀតផង»

សាររំលែកទុក្ខរបស់សម្តេចតេជោ បានបន្ថែមថា៖ «ខ្ញុំនឹងភរិយា សូមឧទ្ធិសបួងសួងដល់ព្រះអល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធលោកស្រី ហាជ្ជៈ សូភ័សហាស្សាន់ និងសូមឲ្យកុសលផលបុណ្យរបស់លោកស្រី ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងក្លាយជាជំនិះក្នុងការជូនដំណើរវិញ្ញាណក្ខន្ធលោកស្រីទៅកាន់សុគតិភព»

យោងតាមដំណឹងមរណភាពបានឲ្យដឹងថា លោកយាយ ហាជ្ជះ សូ ភ័ស ហាស្សាន់ ដែលត្រូវជាម្តាយបង្កើតរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦៖៤៥នាទីយប់ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសពធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៩ នៅបណ្តោយផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ច្រាំងទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៕