(បន្ទាយមានជ័យ)៖ អាងជើងគ្រុស ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអាងមួយដ៏ធំ ដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

មិនត្រឹមជាអាងស្ដុកទឹកប៉ុណ្ណោះទេ អាងជើងគ្រុសនេះ ក៏ជាតំបន់ទេសចរណ៍ មានសក្ដានុពលសម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ជាទីតាំងគយគន់សុរិយាអស្តង្គត និងជិះទូកមើលសត្វស្លាប ដ៏ទាក់ទាញទៀតផងដែរ។

ពីដើមឡើយទីតាំងនេះជាព្រៃ និងមានភាពស្ងាត់ជ្រងំ ប៉ុន្តែក្រោយមានការអភិវឌ្ឍ បានក្លាយជាតំបន់ទេសចរណ៍ ដែលមានប្រជាពលរដ្ឋមកកម្សាន្តច្រើន។ អាងជើងគ្រុសនេះ មានចម្ងាយ៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ នៅបរិវេណអាងជើងគ្រុសនេះ នឹងសាងសង់ស្ពានបណ្ដែតសម្រាប់ឆ្លងទៅកាន់កោះជាទីកប់សពនាសម័យបុរាណទៀតផង។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋានស្រុកថ្មពួក អមដំណើរដោយ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា លោក អង្គ វណ្ណ និងក្រុមការងារ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងគ្រោងតំឡើង បង្គោលអគ្គិសនីដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍មួយនេះ ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

លោក គឹង វណ្ណៈ បានឲ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍ និងអភិរក្សអាងជើងគ្រុសនេះ ឲ្យកាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរឲ្យបានខ្លាំងនោះ យើងទាំងអស់គ្នាត្រូវលើកកម្ពស់ ក្នុងវិស័យទេសចរណ៍ធម្មជាតិ និងបង្កើតការងារជាច្រើន ដល់បងប្អូនអ្នកលក់ដូរ ដើម្បីកាត់បន្ថយភាពក្រីក្រ នឹងធ្វើឲ្យមានការរីកចម្រើននៅក្នុងខេត្តនេះ។

លោកក៏បានសំណូមពរឲ្យភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកលេងកំសាន្តនៅតំបន់ជើងគ្រុឌនេះ ត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យ ចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍មួយនេះ ឲ្យកាន់តែមានការរីកចម្រើន ទទួលបានជោគជ័យទាំងអស់គ្នា។

លោកបានបន្តឲ្យដឹងទៀតថា ការចូលរួមសហការគ្នាបានយ៉ាងល្អ រវាងបងប្អូនអាជីវករលក់ដូរអាជ្ញាធរដែនដី មន្ទីរទេសចរណ៍អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធនានា ស្របតាមគោលការណ៍ ក្រសួងទេសចរណ៍ រមណីយដ្ឋានស្អាតសេវាល្អ តម្លៃសមរម្យបានធ្វើឲ្យអាងជើងគ្រុសនេះ អនាគតមានការរីកចម្រើនខ្លាំង ពាក់ព័ន្ធនឹងវិស័យទេសចរណ៍៕