(ក្រចេះ)៖ ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ព្រមទាំងអាជ្ញាធរដែនដីក្នុងខេត្ត បានចុះពិនិត្យមើលស្ថានភាពទឹក និងទីតាំងដើម្បីដាក់ម៉ាស៊ីនដើម្បីបូមទឹក និងកំពុងតែបង្កើនសកម្មភាពក្នុងការបូមទឹកមកស្តុកទុកក្នុងអាង ជាប្រយោជន៍ដើម្បីឲ្យពលរដ្ឋបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងទៀតក្នុងរដូវ ប្រាំងខណះឆ្នាំនេះស្ថានភាពទឹកជំនន់មិនបានជន់លិចស្រោចសព្វគ្រប់ទីកន្លែង រីឯរបបទឹកភ្លៀងក៏មានតិចតួច។

តាមការបញ្ជាក់ពីលោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹងថា ផលប៉ះពាល់មានក្រុង១និង៣ស្រុក គឺក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង និងព្រែកប្រសព្វ ក្នុងនោះមន្ទីរបាននឹងកំពុងដាក់ម៉ាស៉ីនអន្តរាគមន៍ចំនួន ០៥កន្លែង រួមមាន៖ នៅទំនប់បឹងរំលាច សង្កាត់រកាកណ្ដាល ក្រុងក្រចេះ, នៅឃុំពង្រ ស្រុកឆ្លូង, នៅឃុំខ្សាច់អណ្ដែត, នៅឃុំដំរីផុង, និងគ្រោងដាក់នៅទំនប់ស្រែអណ្ដូង ឃុំចំបក់។

ដោយឡែកឃុំសោប និងឃុំជ្រោយបន្ទាយ នៅស្រុកព្រែកប្រសព្វ ពុំមានផលប៉ះពាល់អ្វីឡើយ ដោយសារគេបានសាងសង់ទ្រនប់ដ៏ធំមួយគឺ ទំនប់គោកម្លូររលំភ្នៅ ដែលបរិមាណទឹកមានជាង ១០លានម៉ែត្រគូប ហើយជាប្រភពទឹករស់ដែលអាចបម្រើការស្រោចស្រពដល់ប្រជាកសិករ ដោយពុំមានការព្រួយបារម្ភអ្វីឡើយ។

ជុំវិញការលើកឡើងនេះ ប្រធានមន្ទីធនធានទឹក និងឧត្តុនិយមខេត្ត ក៏បានបញ្ជាក់ថា ឆ្នាំនេះទឹកជំនន់មិនបានជន់លិចចូលអាងស្តុក ទំនប់ព្រែកស្ទឹងបឹងបួរនោះទេ ទើបធ្វើឲ្យកិសករកំពុងតែប្រឈមមុខ និងខ្វះទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផលនៅ រដូវប្រាំងឆ្នាំនេះ។ តែយ៉ាងណា អាជ្ញាធរខេត្តកំពុងតែរកលិទ្ឋភាពជួយសង្រ្គោះពួកគាត់ ហើយទន្ទឹមនឹងបញ្ហាកង្វះទឹកស្រោចស្រពនេះ ពលរដ្ឋជាកសិករគួរតែមានវិធានការផ្លាស់ប្តូរគ្រាប់ពូជ ពីស្រូវមកដំណាំវិញ ដោយប្រើប្រាស់ទឹកតិច៕