(សៀមរាប)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់មន្ទីរពិសោធន៍តំបន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ការចុះពិនិត្យទីតាំងសម្រាប់សាងសង់មន្ទីរពិសោធន៍តំបន់ អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ រួមទាំងប្រតិភូក្រសួងសុខាភិបាល ក្រុមការងារបចេ្ចកទេស, លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ការចុះពិនិត្យទីតាំងសម្រាប់សាងសង់មន្ទីរពិសោធន៍តំបន់ ស្ថិតក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប របស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូ គឺសម្រាប់ត្រៀមរៀបចំអគារ ដើម្បីបំពាក់នូវម៉ាស៊ីនពិសោធន៍ PCR ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងចំនួន២តំបន់រួចមកហើយ ដែលស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ សម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍តំបន់ ទាំង០៣៕