(ត្បូងឃ្មុំ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៧ ទិវារប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក ទទួលបន្ទុកខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីរាជការ យុវជន ស.ស.យ.ក ដាំកូនឈើ និងសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «បរិស្ថានបៃតងនាំមកនូវផាសុខភាពនៃជីវិត» នៅតាមដងផ្លូវលេខ៣៧០ ទីប្រជុំជនមុខស្នាក់ការគណបក្សឃុំដំរិល ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ និងធ្វើការចែកអំណោយជាថវិកា និងស្បៀងអាហារជូនចាស់ជរាផងដែរ។

លោកថ្លែងទៅកាន់យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងស្រុកអូររាំងឪ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា «យើងត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែង ដើម្បីភូមិឋានរបស់យើងមានភាពស្រស់បំព្រង លើកកម្ពស់បរិស្ថានបៃតង»

លោកបណ្ឌិត ក៏បានណែនាំដល់យុវជន និងប្អូន សិស្សានុសិស្សទាំងអស់ត្រូវចូលរួមថែទាំអនាម័យបរិស្ថាន មិនថាតែនៅសាលារៀន ផ្ទះ ឬតាមទីសាធារណៈទេ ពោលគឺត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីមានសុខភាពល្អ ស្រុក-ភូមិ សាលារៀនឲ្យមានបរិស្ថានស្អាតជានិច្ច ពិសេសក៏ដូចជាត្រូវរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រមិនត្រូវប្រព្រឹត្តិអំពើណាដែលសង្គមស្អប់ខ្ពើម ឬអំពើខុសច្បាប់ឡើយ។ ចំណែកសិស្សានុសិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបើជាប់និន្ទេស A លោកបណ្ឌិត និងលោកស្រី នឹងបន្តផ្តល់កំព្យូទ័រយួរដៃមួយគ្រឿង ដូចទៅនឹងរៀងរាល់ឆ្នាំផងដែរ ដើម្បីជាការលើកទឹកចិត្តដែលក្មួយៗខិតខំប្រឹងប្រែងលើការសិក្សា សម្រាប់ខ្លួនឯង គ្រួសារ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

សូមជម្រាបថា នៅក្នុងអាណត្តិដឹកនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្រ្តីពាក់ព័ន្ធធ្វើការដាំកូនឈើស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្តមិនថានៅក្នុងបរិវេណសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង មានផាសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាទីធ្លាជុំវិញអាគារដ្ឋបាលសាលាខេត្ត ត្រូវបានកំពុងកែលំអរធ្វើសួនច្បារ និងដាំកូនឈើរាប់ពាន់ដើមផងដែរ៕