(កំពង់ធំ)៖ កូនឈើប្រណិតចំនួន ១០០០ដើមរួមមាន កូនឈើក្រញូង ធ្នង់ និងគគីរ ដែលទទួលបានការឧបត្ថម្ភពីក្រសួងបរិស្ថាន ត្រូវបានលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំមន្ត្រីរាជការ កងកម្លាំងអង្គភាពទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារនៅតាមភូមិជាង៥០០នាក់ ដាំនៅតាមសងខាងផ្លូវ ក្នុងស្រុកប្រាសាទបល្ល័ង្ក នៅតាមដងផ្លូវជាតិលេខ៦២ ចាប់ពីភូមិខ្វាន់ទៀង រហូតមកដល់ ភូមិម្រាក និងចាប់ពីភូមិ សាលាវិស័យ រហូតដល់ ភូមិខ្មាក់ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ។

លោក វណ្ណៈសោភានិត បានជំរុញដល់ការិយាល័យអង្គភាពទាំងអស់ដែលទទួលបានកូនឈើ ត្រូវយកទៅដាំតាមទីតាំងដែលរដ្ឋបាលស្រុក បានរៀបចំហើយត្រូវខិតខំដាំ កូនឈើទាំងនេះឱ្យអស់ ដាំឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយបន្ទាប់ពីដាំរួចត្រូវទទួលខុសត្រូវធ្វើស៊ុមការពារ និងថែទាំកូនឈើទាំងអស់ដែលការិយាល័យ អង្គភាពរបស់ខ្លួនបានដាំដោយខ្លួនឯង រហូតដល់កូនឈើដុះលូតលាស់ធំធាត់។

ប្រសិនបើកូនឈើដែលបានដាំហើយមានការខូចខាត ឬបាត់បង់ ដោយប្រការណាមួយនោះ ត្រូវរាយការណ៍មករដ្ឋបាលស្រុក ហើយត្រូវយកកូនឈើទៅដាំជួស ពោលមិនត្រូវទុកឱ្យរណ្ដៅដែលខូចនោះនៅទំនេរ ដោយមិនមានការដាំថ្មីជំនួសនោះឡើយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមដាំដើមឈើ ថែរក្សាដើមឈើ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីស្រុកមានទេសភាពបៃតងស្រស់បំព្រង។

លោកបន្តថា ដើមឈើមានសារសំខាន់ណាស់ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សំរាប់បង្ក បង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លួនផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវស្រឡាញ់ដើមឈើ ស្រឡាញ់បរិស្ថាន រួមគ្នាដាំដើមឈើ ដើម្បីអនាគតប្រទេសជាតិយើង និងដើម្បីអនាគតកូនចៅជំនាន់ក្រោយ ហើយការដាំកូនឈើនៅថ្ងៃនេះ ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទឈើប្រណិត ទាំងអស់នេះផងដែរ៕