(កំពង់ចាម)៖ ក្នុងពិធីរៀបចំអាហារសាមគ្គីជូនកុមារកំព្រា និងកុមារពិការ គ ថ្លង់ នៅសាលាអប់រំពិសេស ក្នុងក្រុងកំពង់ចាម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូខិតខំបន្តទៀត ក្នុងការថែរក្សា កុមារកំព្រា និងកុមារពិការ គ ថ្លង់ ពិសេសលើការអប់រំពិសេសនេះ។

លោកអភិបាលខេត្តបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ថែរក្សាដល់កុមារកំព្រា និងកុមារពិការ គ ថ្លង់ បានល្អ និងជួយបង្ហាត់បង្រៀន ឲ្យសិស្សកំព្រាខ្លះ មានចំណេះដឹងខ្ពង់ខ្ពស់ បានទៅបន្តការសិក្សានៅរាជធានីភ្នំពេញ និងសិស្សខ្លះទៀតបានចេញទៅធ្វើការថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត សូមឱ្យលោកគ្រូ អ្នកគ្រូ បន្តសកម្មភាពនេះឲ្យបានកាន់តែល្អប្រសើរ ទោះបីជាការងារខ្លះជួបនូវការលំបាកយ៉ាងណាក៏ដោយ ជាពិសេស គឺកុមារពិការ គ ថ្លង់ ត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យដូចកូនរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្សានុ សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ខិតខំក្រេបជញ្ជក់យកចំណេះដឹងដើម្បីអនាគតល្អរបស់ខ្លួន។

គូរបញ្ជាក់ផងដែរថា សិស្សវិទ្យាល័យអប់រំពិសេសសរុបមានចំនួន ១៧១នាក់ ស្រីចំនួន ៧៣នាក់ ក្នុងនោះមានសិស្សពិការ ភ្នែកចំនួន ៥៩នាក់ ស្រីចំនួន ២៦នាក់ សិស្ស គ ថ្លង់ចំនួន ១១២នាក់ ស្រីចំនួន ៤៧នាក់។

នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សពីថ្នាក់បឋមដល់វិទ្យាល័យក្នុងនោះមាន៖ សិស្សពិការភ្នែកចំនួន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ ទី១២, សិស្សគថ្លង់ចំនួន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី១ទាប ទី១ខ្ពស់ ដល់ទី ១២ ដោយសាលាបង្រៀន ទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏មានបង្រៀនកំព្យូទ័រ ភ្លេង របាំ និង បង្ហាត់ស្តាប់និយាយដល់សិស្ស គ ថ្លង់ផងដែរ៕