(ភ្នំពេញ)៖ កងកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដង្កោ បានឃាត់ខ្លួនបុរសពីរនាក់ជាបងប្អូនបង្កើត បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាមកកាច់កម៉ូតូ របស់ប្រជាពលរដ្ឋដែលចតចោលនៅចំណុចវាលស្រែ ផ្លូវបេតុងសណ្ដស្ទឹងព្រែកត្នោត សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសទាំងពីរនាក់រួមមាន៖

*ទី១៖ ឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ខុម ចាន់ណែង ហៅ (ណេង) អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុកម្លាំងចម្រុះខណ្ឌដង្កោ បានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នឹងទប់ស្កាត់បទល្មើសផ្សេងឱ្យស្របទៅតាមគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ពេលល្បាតដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1AF-7177 ឌុបគ្នាមកឈប់ក្បែរម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតនៅវាលស្រែ។

ពេលម្ចាស់ចុះទៅបង់សំណាញ់ទើបជនសង្ស័យឃើញឱកាសល្អយកសម្ភារដែលនៅជាប់ខ្លួនមានដូចជា៖ សោអក្សតេបម្រុងនឹងធ្វើសកម្មភាពកាច់ក យកម៉ូតូរបស់ប្រជាពលរដ្ឋ ខណៈនោះកម្លាំងសមត្ថកិច្ចក៏ដេញឡោមព័ទ្ធចាប់បានជនសង្ស័យទាំងពីរនាក់ភ្លាមៗតែម្តង ជាមួយគ្នាសមត្ថកិច្ចដកហូត សោរសម្រាប់កាច់កម៉ូតូចំនួន ៤ឈុត និងជំពាមកៅស៊ូចំនួន១ និងម៉ូតូស្តុបពីមួយគ្រឿង។

បច្ចប្បន្ន ម្ចាស់ម៉ូតូស៊េរី១២៥ បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ។ ចំណែកបុរសជាជនសង្ស័យទាំងពីរនាក់ កំពុងសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធីច្បាប់៕