(ក្រចេះ)៖ កងកម្លាំងអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើល្មើសច្បាប់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា មានរថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿងម៉ាកសាំយ៉ុង គ្មានស្លាកលេខដឹកចេញពីស្ទឹងត្រែង ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបបានតែម្តងហើយនៅក្នុងរថយន្តនោះមានដឹកសរសរ និងក្ដារ ជាប្រភេទឈើគ្រឿងផ្ទះ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង ដើម្បីធ្វើការវាស់វែងចាត់វិធានការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើបន្ត៕