(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដើម្បីចុះអនុវត្តតាម សជណ លេខ១០៣១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការបែងចែកដីទំនាស់ត្រួតគ្នា រវាងភាគីលោកស្រី ហ៊ឹម សុវណ្ណារី ឈ្មោះ ម៉ី ឌីនណាត្យា និងភាគីលោក លី ហុងស៊ីន។

ក្នុងកិច្ចប្រជុំនៅថ្ងៃតី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន បានបញ្ជាក់ថា ក្រុមការងារនឹងចុះអនុវត្តលិខិតលេខ ១០៣១ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលខាងមុខ ហើយរដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងដល់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តការងារនេះ។

លោក អ៉ី ធារិន នាយកទីចាត់ការអន្ដរវិស័យ សាលាខេត្តព្រះសីហនុ បានលើកឡើងថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្ត សជណ នេះចំនួន២លើក ហើយតែមិនអាចអនុវត្តបាន ដោយភាគីលោកស្រី ហ៊ឹម សុវណ្ណារី មិនចូលរួម។

យោងតាមលិខិតលេខ ១០៣១ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថាផ្ទៃដី ៤ហិកតា៥០អា (ត្រួតគ្នា) ស្ថិតនៅចំណុចព្រំប្រទល់ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ត្រូវចែកជាពីរចំណែក។

ផ្នែកខាងជើងទំហំ ២ហិកតា ២៥អា ២សង់ទីអា ជូនភាគីលោក លី ហុងស៊ីន និង២ហិកតា ២៥អា ១សង់ទីអា ផ្នែកខាងត្បូង ជូនភាគីលោកស្រី ហ៊ឹម សុវណ្ណរី និងលោកស្រី ម៉ី ឌីនណាត្យា។ ទីតាំងដីទំនាស់នេះស្ថិតនៅចំណុចអូរដំរី (នៅលើទីតាំងតែមួយ) បានកើតឡើងរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដោយមានបីភាគីទំនាស់៕