(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ការអនុវត្តសិទ្ធិហួសព្រំដែន ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានលើច្បាប់ ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។

ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងឱកាសដែលោកអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួប និងពិភាក្សាការងារ កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីបានឆ្លើយតបបញ្ជាក់យ៉ាងច្បាស់លាស់ថា «ការចាប់ខ្លួនបុគ្គលណាមួយ ដោយអាជ្ញាធរមានសមត្ថកិច្ច គឺធ្វើទ្បើងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយការអនុវត្តសិទ្ធិហួសព្រំដែន ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានលើច្បាប់ ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលនោះទេ»។ នេះបើតាមការអះអាងរបស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់លោកអគ្គរាជទូតទៀតថា៖ ច្បាប់នៃប្រទេសនីមួយៗមានលក្ខណៈមិនដូចគ្នាទេ ដោយសារបរិបទសង្គម និងប្រវតិ្តសាស្រ្តរបស់ប្រទេសនីមួយៗខុសៗគ្នា។ ជាទិដ្ឋភាពប្រវតិ្តសាស្រ្ត បញ្ហាព្រំដែន គឺជាបញ្ហាដ៏រសើបបំផុតរបស់កម្ពុជា ហើយការញុះញង់ មួលបង្កាច់ការពិតលើបញ្ហាព្រំដែន ធ្លាប់បានធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការបែកបាក់ជាតិ និងអស្ថេរភាពសង្គមអស់ជិតបីទសវត្ស។ ដូចនេះ សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែន ក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ បំផ្លាញសន្តិភាព និងស្ថេរភាពប្រទេស ហើយពុំមែនជាការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទ្បើយ។

លោក គឹម សន្តិភាព បានបញ្ជាក់ទៀតថា លោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា កម្ពុជាប្រកាន់យកនូវរបបនីតិរដ្ឋ ហេតុនេះកម្ពុជាត្រូវអនុវត្តច្បាប់របស់ខ្លួន ចំពោះការប្រព្រឹត្តខុសច្បាប់ ដើម្បីធានាការពារសនិ្តសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។ នៅក្នុងសង្គមនីតិរដ្ឋ ចំពោះបុគ្គលដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ដើម្បីការពារខ្លួន ឬពឹងពាក់មេធាវីល្អៗដើម្បីការពារខ្លួន នៅចំពោះមុខតុលាការ។ ការប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីតវ៉ាទាមទារឱ្យមានការដោះលែងបុគ្គលណាមួយ គឺជាការដាក់សម្ពាធលើតុលាការ និងស្ថាប័នអនុវត្តច្បាប់ ដែលនេះពុំមែនជាវិធីស្របច្បាប់នោះទ្បើយ ហើយប្រាសចាកពីគោលការណ៍នៃនីតិរដ្ឋ៕