(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងបន្ថែមលើការលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូន ដោយទឹកម្ដាយ នៅកម្ពុជា។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្នុងសេចក្ដីណែនាំបានឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។

ក្នុងចំណោមម្តាយៗទាំងនោះ មានម្តាយមួយចំនួនបានបញ្ជាក់ថាកូនៗ របស់ពួកគាត់មានបញ្ហាស្លេកស្លាំង បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ រួចមកហើយលទ្ធផលពិនិត្យនៅមន្ទីរពេទ្យបានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាកង្វះជាតិដែក។

ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល សូមបញ្ជាក់ជូនសាធារណជនថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារកនិងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។

គ្មានផលិតផល ណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផង ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។ ទឹកដោះម្តាយមានផ្ទុក រាល់សារជាតិចិញ្ចឹមទាំងអស់ ដែលទារកត្រូវការដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈ អ្វីទៀតទេនៅក្នុងអំឡុងពេល៦ខែដំបូងនៃជីវិតទារក។

សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយរួមមាន ប្រូតេអ៉ីន ដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍ ការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូសដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យ
មានលំនឹង ក៏ដូចជាការជួយរាងកាយកុមារ ដើម្បីស្តុកថាមពល និងជាតិទឹកដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ។

លើសពីនេះទៀត ទឹកដោះម្តាយសំបូរជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ A, B, C, D ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់ការពារកុមារពីជំងឺនានា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖