(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទរួចហើយ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទាំងគ្រឹះស្ថានរបស់រដ្ឋ និងឯកជន។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានបេក្ខជនមកដាក់ពាក្យ សុំចុះឈ្មោះប្រឡងបាក់ឌុប សរុបចំនួនជាង១២ម៉ឺននាក់»

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងអប់រំ ក៏បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តភារកិច្ច របស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២១ ធ្នូ ២០២០។

ការចេញសេចក្តីណែនាំ របស់ក្រសួងអប់រំនេះ ធ្វើឡើងដើម្បីឲ្យដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕