(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួនពីរ គឺឃុំត្រពាំងធំ និងឃុំព្រែកត្នោត ក្នុងស្រុកទឹកឈូ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ មានគោលបំណង ដើម្បីពិភាក្សា និងសិក្សាផលប៉ះពាល់ដើម្បីឈានដល់ការ ស្ដានិងកសាង ឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យ។

តាមបទបង្ហាញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងនោះគម្រោងទី១ គឺការស្ដាប្រឡាយប្រវែង២០០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ និង គម្រោងទី២ ការសាងសង់ផ្លូវបេតុងទំហំ១២ម៉ែត្រ ប្រវែង១៨៤២ម៉ែត្រ ក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ។

លោក ជាវ តាយ បានឯកភាពលើគម្រោងទាំងពីរនេះ និងបានស្នើដល់មន្ត្រីនៃមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនេះ រួមគ្នាពិភាក្សាផ្ដល់ជាយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការស្ដា និងកសាងប្រព័ន្ធប្រឡាយទឹក និងផ្លូវបេតុងក្នុងគម្រោងទាំងពីរខាងលើនេះឲ្យទទួលបានលទ្ធផលជោគជ័យល្អប្រសើរ៕