(ស្វាយរៀង)៖ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ហង់ សុពលិ មន្ដ្រីផ្នែកដោះស្រាយផលប៉ះពាល់ និងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានចុះពិនិត្យមើលគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP.III) ដែលមានប្រវែងជាង១១គីឡូម៉ែត្រនៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងការចុះពិនិត្យគម្រោង ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក៏មានការចូលរួមពីលោកស្រី ស្រី សាម៉ៃ មន្រ្តីផ្នែកយេនឌ័រ និងលោកស្រី ហោ បូឡា មន្រ្តីផ្នែកបរិស្ថាន ព្រមទាំងលោកមេឃុំក្រោលគោ លោកមេឃុំស្វាយអង្គ លោកលោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ហែម សារិទ្ធ បានថ្លែងថា គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ស្ដីពីការលើកកម្ពស់ស្រ្តីឲ្យចូលរួមក្នុងការងារសាងសង់ និងថែទាំផ្លូវជនបទ សុវត្ថិភាពសង្គម សម្រាប់អ្នកម៉ៅការ និងអាជ្ញាធរមូលដ្ឋាន ដែលមានផ្លូវ ០១ខ្សែ ពីឃុំក្រោលគោ (ក្លោងទ្វាវត្តបឹងរ៉ៃ) ឆ្ពោះទៅឃុំស្វាយអង្គ ឆ្លងកាត់វត្តស្វាយផ្អែម ប្រវែង ១១១០០ម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ ២ឃុំ មាន១០ភូមិ ដោយគម្រោងផ្លូវក្រាលកៅស៊ូ១ខ្សែនេះ បានប្រភពថវិកាពីមូលនិធិ អភិវឌ្ឍន៍អាស៉ី ADB និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលបានដាក់ឲ្យក្រុមហ៊ុនដេញថ្លៃរួចហើយ នឹងចាប់ដំណើរការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ហែម សារិទ្ធ បានបញ្ជាក់ថា គម្រោងផ្លូវលំមួយខ្សែនេះ ខណៈដែលសាងសង់រួចរាល់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដែលអាចធ្វើដំណើរបានងាយស្រួល ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ ក៏ដូចជាដឹកអ្នកជំងឺទៅកាន់មន្ទីពេទ្យផងដែរ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ពីប្រមខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញការស្ថាបនាផ្លូវជាតិ ផ្លូវដែក ស្ពាន ផ្លូវលំជនបទដែលធ្វើឲ្យប្រជាពលរដ្ឋ មានការគាំទ្រយ៉ាងខ្លាំងព្រោះបានចូលរួមកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋតាមរយៈមានផ្លូវល្អក្នុងការធ្វើដំណើរ៕