(ភ្នំពេញ)៖ ធនាគារ មេយប៊ែង ប្តេជ្ញាការពារសុខុមាលភាព និងអនាគតរបស់ប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត ជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់ធនាគារ មេយប៊ែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូរីត១៩។

ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី (Maybank) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានប្រគល់ជូនម៉ាស់តម្បាញដោយដៃចំនួន ៦០០០ម៉ាស់ ដល់ក្រសួងអប់រំ យុវជន និងកីឡា ស្របពេលជាមួយ នឹងការបើកឱ្យដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំសាធារណៈ និងខួបលើកទី៦០ឆ្នាំ របស់ធនាគារមេយប៊ែង នៅក្នុងឆ្នាំនេះផងដែរ។

ម៉ាស់តម្បាញដោយដៃទាំងនេះ ត្រូវបានប្រគល់ជូនដល់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងមានការអញ្ជើញចូលរួមដោយលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

ការផ្តួចផ្តើមនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត របស់ធនាគារមេយប៊ែង ក្នុងការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ឱ្យដំណើរការឡើងវិញនៃការអប់រំដល់កុមារ និងយុវជនជំនាន់ក្រោយ ព្រមទាំងពង្រឹងនូវវិធានការចាំបាច់ សម្រាប់ការពារដល់សិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិក និងគ្រួសាររបស់ពួកគេ។

ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃវីរុសនេះ ម៉ាស់តម្បាញដោយដៃ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយកាត់បន្ថយភាពតានតឹងលើសហគមន៍ ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណានេះ។ បន្ថែមលើនេះធនាគារ បានផ្តល់ វិភាគទានដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ជំងឺកូវីត១៩ ក៏ដូចជាផ្ដល់នូវគម្រោងជំនួយហិរញ្ញវត្ថុ ជាទម្រង់នៃការរៀបចំរចនាសម្ព័ន្ធ និងរៀបចំឡើងវិញនូវការទូទាត់សងហិរញ្ញប្បទានឡើងវិញ និងការកំណត់ឡើងវិញ នូវការសងឥណទានសម្រាប់អតិថិជនដែលរងផលប៉ះពាល់។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា «នៅក្នុងអំឡុងពេលដ៏លំបាក នេះ ខ្ញុំពិតជាមានសេចក្ដីរំភើប ដែលឃើញក្រុមហ៊ុនដូចជា ធនាគារ មេយប៊ែង បានជួយដល់សហគមន៍កម្ពុជាយ៉ាងសកម្ម។ ខ្ញុំ មានការ រីករាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ការគាំទ្រដល់សហគមន៍ ប្រកបដោយចីរភាព ស្របពេលដែលកម្ម វិធីទាំងអស់នេះ បានជះឥទ្ធិពលជាវិជ្ជមានជូនដល់ប្រជាជន និងប្រទេសរបស់យើង»

នាយកប្រតិបត្តិរបស់ធនាគារ មេយប៊ែង Dato 'Mohd Hanif Suadi បានឡើងថា «ការរាតត្បាតនៃជំងឺកូវីត១៩ គឺជាស្ថានភាពអកុសល ហើយធនាគារ បានកំពុងចាត់វិធានការការពារយ៉ាងត្រឹមត្រូវ ឱ្យស្របទៅនឹងបេសកកម្មរបស់យើង ការផ្តល់ហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព។ សុខភាពរបស់ប្រជាជនកម្ពុជា មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះវាជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ដូច្នេះការថែរក្សាសុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា នៅតែជាអាទិភាពដ៏ធំធេងសម្រាប់ពួកយើងនៅធនាគាមេយប៊ែង»

ម៉ាសតម្បាញដោយដៃ «អំណោយនៃក្តីស្រឡាញ់» ចំនួន ៦០០០ម៉ាស ត្រូវបានផលិតចេញពីក្រណាត់ និងសូត្រសុទ្ធ ដែលអាំចសម្អាត និងប្រើប្រាស់ឡើងវិញបាន៕