(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា។

ក្រសួងបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត បានសង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណ ពីបង្គួរទៅច្រើន។ ក្នុងនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាង កើតជាប់ប្រទេសវៀតណាម និងខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្តខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។ ដោយឡែក ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា៕