(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវិបត្តិក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានលើកឡើងថា ជំងឺកូវីដ១៩ បាននិងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងបរិការនេះ ការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាបញ្ហារួមរបស់ប្រទេសលើពិភពលោក ទោះបីជាប្រទេសនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់វេទិកា ដើម្បីជាវិភាគទានក្នុងការរួមចំណែកជាមួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ផងដែរ។

ក្រៅតែពីការថ្លែងសុន្ទរកថាគន្លឹះហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តល់ពេលវេលាឆ្លើយនឹងសំណួររបស់អ្នកជំនាញក្នុងវេទិកាលើវិធីសាស្ត្រ យុទ្ធសាស្ត្រ និងយន្តការមួយចំនួនលើការដឹកនាំរបស់សម្តេចក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមទស្សនាវីដេអូសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាគន្លឹះ និងការឆ្លើយនឹងសំណួររបស់អ្នកជំនាញក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖