(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀង ចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់លលកស ចំនួន៨០០គ្រួសារ ខណៈដែលពេលនេះទឹកកំពុងបែកវាល និងដាក់សម្ពាធមកលើ ៦សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ហើយនឹងត្រូវស្រកចុះជាបណ្តើរៗនាល្ងាចនេះ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក និងជនរងគ្រោះ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះភ្លៀងជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នា ធ្វើឱ្យភូមិសាស្រ្តខេត្តពោធិ៍សាត់ជួបនូវបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងពោធិ៍សាត់ ដែលហូរកាត់ក្រុង-ស្រុកចំនួន ៤ (ក្នុងនោះមាន ១៨ ឃុំ-សង្កាត់) បណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.៣៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.៥៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ២.៥៦ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រក ០.០៨ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា នាល្ងាចនេះមានភ្លៀងធ្លាក់កម្រិតមធ្យមនៅផ្នែកខាងក្រោម គឺស្រុកកណ្តៀង ដោយឡែកនៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកដទៃទៀត នៃខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់កម្រិតខ្សោយ។ លោក កែវ វ័យ បន្ថែមថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់ ខណៈដែលបច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀងផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ក្រោយពីទទួលឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕