(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ បានពិនិត្យមើលដល់កន្លែងកើតហេតុ និងដឹកនាំកងកម្លាំងចម្រុះដោយផ្ទាល់ បន្តស្វែងរកសពស្ត្រីរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈពេលដែលរូបគាត់ និងពលករខ្មែរដទៃទៀត កំពុងលួចព្យាយាមឆ្លងអូរព្រំដែនត្រលប់មកពីប្រទេសថៃវិញ ហើយមកដល់ពេលនេះ សាកសពស្ត្រីរងគ្រោះ មិនទាន់រកឃើញនៅឡើយទេគិតត្រឹមល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវសហការជាមួយសាច់ញាតិជនរងគ្រោះ និងភាគីថៃ ធ្វើការរុករកសពស្ត្រីរងគ្រោះនៅតាមបណ្តោយ អូរព្រំដែនឱ្យឃើញ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើតវិញ។

លោកអភិបាលខេត្ត បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើន នៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត មានសភាពឡើងខុសប្រក្រតី បង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងប៉ៃលិន និងអូរនានា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែនមានគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុកកូននឹងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជា-ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះ ទៅតាមទឹកបាត់ទៅ៕