(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវិបត្តិក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានលើកឡើងថា ជំងឺកូវីដ១៩ បាននិងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងបរិការនេះ ការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាបញ្ហារួមរបស់ប្រទេសលើពិភពលោក ទោះបីជាប្រទេសនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ចំនួន៧ ដើម្បីរួមជាវិភាគទានជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាពក្នុងវិបត្តិបណ្តាលមកពីជំងឹកូវីដ១៩។ អនុសាសន៍ទាំង៧នេះរួមមាន៖

ទី១៖ ការកាត់បន្ថយនូវផលប៉ះពាល់ និង ធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម, កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរិមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ចំនួន៥ជុំ រួចមកហើយ ហើយកម្ពុជាកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្តែងថែមទៀត តាមការចាំបាច់។

ទី២៖ ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ។ លើមូលដ្ឋាននេះ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់វិស័យនោះឡើយ។ ផ្ទុយទៅវិញ គោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស។

ទី៣៖ ជំងឺកូវីដ បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេសចំណូលរដ្ឋ។ ការបាត់បង់ចំណូលបានទាមទារឱ្យរដ្ឋាភិបាលដាក់ចេញយន្តការថ្មីៗ ដើម្បីកៀរគរ ធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ យល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងនៅក្នុងអំឡុង និងក្រោយវិបត្តិនេះ។

ទី៤៖ នៅក្នុងបរិការណ៍ដ៏លំបាកនេះ, ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ, ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោល គឺការរក្សានូវភាពជាដៃគូ, ទាំងទ្វេភាគី និងពហុភាគី, សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ, សន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក។ ជាមួយគ្នានេះផងដែរ, ការពង្រឹង និងរក្សាបាននូវរំហូរនៃការវិនិយោគ, ទេសចរណ៍អន្តរជាតិ និង រំហូរដោយសេរី និងរលូន នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេស ចរាចរណ៍នៃទំនិញចាំបាច់ ដូចជា ស្បៀងអាហារ និងបរិក្ខារពេទ្យ គឺជាកត្តាដ៏សំខាន់សម្រាប់ សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក, ធានាស្ថិរភាព, សុវត្ថិភាព, លំនឹងជីវភាពសង្គម និងកិច្ចដំណើរការឡើងវិញនៃច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម, នៅក្នុងកម្រិតប្រទេសនីមួយៗ ក៏ដូចជាក្នុងកម្រិតតំបន់ និងពិភពលោក។

ទី៥៖ យើងទាំងអស់គ្នាត្រូវតែបន្តខិតខំពង្រឹងសកលភាវូបនីយកម្មដែលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានបង្កើតលក្ខខណ្ឌមិន ធ្លាប់មានសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ។

ក្នុងបរិការណ៍នេះ, យើងត្រូវតែធានាឱ្យបានថា យន្តការកិច្ចសហប្រតិបត្តិ ការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការពនឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃ ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ទី៦៖ ដោយមិនបង្អែរបង្អង់, យើងត្រូវនាំគ្នាគិតគូរជាយុទ្ធសាស្ត្រ អំពីកិច្ចការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច, បន្ទាប់ពីវិបត្តិកូដ-១៩ ត្រូវបានបញ្ចប់, តាមរយៈ ការពនឿននូវការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ និងដែលត្រូវបានរៀបចំ បន្ថែម ឱ្យបានលឿន និង ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី៧៖ ក្នុងកម្រិតសកល, យើងត្រូវតែបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយ អន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍ ដើម្បីបន្តជំរុញចលនការ នៃការងារកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។

ក្រៅតែពីការផ្តល់អនុសាសន៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្តល់កិច្ចសហការប្រកបដោយបុរេសកម្ម និងការផ្តល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបានជួយឱ្យកម្ពុជាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ៕